(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី រំលោភទំនុកចិត្ត។

ជនសង្ស័យឈ្មោះ ឃិន ឆាយ អាយុ៣០ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួន កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៧៖១០នាទី នៅចំណុចក្រុមហ៊ុន ជេវ៉ាយអេស៊ី ផ្លូវ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយពីពីរូបគេត្រូវបានម្ចាស់ក្រុមហ៊ុនដាក់ពាក្យបណ្តឹង។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពឲ្យដឹងថា រូបគេបានចូលមកបំរើការងារ នៅក្រុមហ៊ុន ជេវ៉ាយអេស៊ី កាលអំឡុងឆ្នាំ២០១៣ ដោយមានតួនាទីជាអ្នកគ្រប់គ្រងជាងម៉ាស៊ីន ត្រជាក់ និងទទួលបានប្រាក់ខែ ៤០០ដុល្លារ ក្នុង១ខែ។

រហូតដល់អំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ រូបគេបានទៅដំឡើងម៉ាស៊ីនត្រជាក់ជូនអតិថិជនជាបន្តបន្ទាប់រហូត តែរូបគេពុំដែលប្រគល់ប្រាក់ឲ្យក្រុមហ៊ុន ក្រោយពេលអតិថិជនបង់ប្រាក់ឲ្យថ្លៃដំឡើងម៉ាស៊ីន ត្រជាក់ និងថ្លៃជួសជុសនោះទេ គឺរូបគេបានយកទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួន សរុបជាទឹកប្រាក់ ៣៣៣០ដុល្លារអាមេរិក ដោយមានការខាតបង់ច្រើន ខាងក្រុមហ៊ុន បានហៅរូបគេមកសាកសួរដឹងរឿង ក៏បានប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌសែនសុខ មកឃាត់រូបគេតែម្តង៕