(ភ្នំពេញ)៖ ព្រឹត្តិការណ៍អ្នកតស៊ូគុនខ្មែរគោជលើដំណើរឆ្ពោះទៅ តាមខេត្តរជ្ជកាលទី២លើសង្វៀន ស៊ីអិនស៊ី នឹងចាប់ផ្ដើមពីថ្ងៃទី១៨មករានេះតទៅហើយ ខណៈព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅតាម បណ្ដាខេត្តចំនួន៤ដែលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើនៅសង្វៀន ស៊ីអិនស៊ី រាជធានីភ្នំពេញ ។

ក្នុងសន្និសីទកាសែតនាព្រលប់ថ្ងៃទី១១មករា ដែលមានការចូលរួមពីសំណាក់លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរលោក ហួរ រតនៈ នាយកគ្រប់គ្រងទីផ្សារទូរទស្សន៍ស៊ី អិន ស៊ី និងលោក មាន សំអុលនាយកចាត់ការទូទៅភេសជ្ជៈគោជល់។

លោក មាន សំអុល នាយកចាត់ការទូទៅភេសជ្ជៈគោជល់នោះបានឲ្យដឹងថា ខេត្តចំនួន៤ដែលត្រូវបានជ្រើសរើសធ្វើជាកន្លែងប្រកួតជម្រុះនោះមាន កំពង់ចាម បាត់ដំបង សៀមរាប និង ខេត្តកំពង់ធំ តែការប្រកួតជម្រុះ នៅខេត្តកំពង់ធំនឹងធ្វើនៅសង្វៀនស៊ី អិន ស៊ីរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះនឹងមានអ្នកប្រដាល់វ័យក្មេងក្នុងប្រភេទទម្ង់៥៧គីឡូក្រាមចំនួន១៦រូបដែលសុទ្ធតែជាអ្នកប្រដាល់ធ្លាប់មានឈ្មោះបោះសម្លេងចូលរួមប្រកួត ។នេះជាការប្រកួតរវាងអ្នកប្រដាល់រួមជាតិសុទ្ធសាធ ដែលអ្នកក្លាយជាជើងឯកនឹងបានទទួលខ្សែក្រវាត់ ពានដែលអមដោយប្រាក់រង្វាន់ចំនួន៥.០០០ដុល្លារ ចំពោះជើងឯករងបានទទួលពាន និងប្រាក់រង្វាន់២.០០០ដុល្លារ។

ខេត្តកំពង់ចាមដែលនឹងចាប់ផ្ដើមចេញដំណើរមុនគេនោះនឹងប្រកួតនៅថ្ងៃទី១៨មករាដែលមានការជួបចំនួន២គូគឺ សៀវ ង៉ុយ មកពីសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតជាមួយ បឺត សង្ឃឹម មកពីក្លិបរ៉ាហាប់ស្វាយប៉ាក និងឡុង រ៉ាមី មកពីក្លិបខ្លារខិនមានរិទ្ធិប្រកួតជាមួយ ពុទ្ធ ម៉ាណូយ មកពីក្លិបពុទ្ធសេរីវង្ស។

សម្រាប់ថ្ងៃទី១៥កុម្ភៈ ប្រកួតនៅខេត្តបាត់ដំបង ដែលមានការប្រកួតចំនួន២ប្រកួតដែរនោះ គឺមានការជួបគ្នារវាអ្នកប្រដាល់ យីប ឌុក ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ជាមួយ ស៊ន រ៉ាគីម ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង និងហេងសុភ័ក្រ្តក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងប្រកួតជាមួយវ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា។

ថ្ងៃទី១៤មីនាប្រកួតនៅសង្វៀនខេត្តសៀមរាប ដែលមានការជួបគ្នារវាងសេក គឹមសាន្ដ ក្លិបអង្គរមានជ័យខេត្តសៀមរាបជាមួយ ឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធិ និង ការជួបគ្នារវាង លីន វីរៈ ក្លិបបូរីរាជសីហ៍មានរិទ្ធិជាមួយអ្នកប្រដាល់ អេលីត កែវឡុង ក្លិបប៉ែន កាក់គុនខ្មែរ។ សូមបញ្ជាក់ថា សង្វៀនខេត្តសៀមរាបលើកមកប្រកួតនៅស៊ី អិន ស៊ីភ្នំពេញ។

ថ្ងៃទី១៤មេសាដែលត្រូវប្រកួតនៅសង្វៀនខេត្តកមពង់ធំនោះ ត្រូវបានលើកមកប្រកួតនៅសង្វៀន ស៊ី អិន ស៊ីរាជធានីភ្នំពេញដែលមានការជួបគ្នារវាងពុទ្ធ ភារិនក្លិបពុទ្ធសេរីវង្ស ជាមួយសូត្រ វាសនាក្លិបបក្សីស្លាបដែកនិងណង សាវក្លិបប៉ែន កាក់គុនខ្មែរជួបជាមួយអេ ណារ័ត្នក្លិបអេភូថងកីឡា ។ ការប្រកួតនេះគឺប្រកួតជម្រុះដោយអ្នកចាញើខ្ទាតចេញពីការប្រកួតតែម្ដង ។

កាលពីរជ្ជកាលទី១ម្ចាស់ខ្សែ ក្រវាត់ក្រៅពីខ្សែក្រវាត់និងពាននោះបានទទួលរង្វាន់អមចំនួន៣.០០០ដុល្លារ ចំពោះជើងឯករងរង្វាន់អមពានគឺ ១.០០០ដុល្លារ។ សម្រាប់រជ្ជកាលទី២នេះជើងឯកបានរង្វាន់អម៥.០០០ដុល្លារ និងជើងឯករង២.០០០ដុល្លារ។

អ្នកឈ្នះក្នុងវគ្គប្រកួតជម្រុះតាមខេត្តនោះនឹងត្រូវប្រកួតសម្រាប់វគ្គ៨នាក់ចុងក្រោយដើម្បីរកអ្នកខ្លាំង៤រូបសម្រាប់ប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ អ្នកឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវប្រជែងគ្នាដណ្ដើមខ្សែក្រវាត់៕