(កំពង់ធំ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារ CIMB បាននាំយកដើមគគីរ១០០ដើម យកទៅដាំក្នុងបរិវេណវិទ្យាល័យកំពង់ថ្ម ដើម្បីជាម្លប់ដល់សាលារៀន និងសិស្សនុសិស្សិ។

ការនាំយកដើមគគីរទៅដាំ ក្នុងបរិវេណសាលានេះ ដឹកនាំដោយលោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ព្រមទាំងមន្រ្ដីបុគ្គលិកជាច្រើនរូប នៅក្នុងវិទ្យាល័យកំពង់ថ្ម ស្ថិតឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

លោកស្រី ជា សិរី ឲ្យដឹងថា ការជួបជុំគ្នាដាំដើមឈើពេលនេះជាការរួមគ្នា ដើម្បីលើកកម្ពស់ស្មារតីឲ្យចេះស្រឡាញ់ ថែរក្សាដើមឈើ និងព្រៃឈើតាមរយៈការដាំដុះថ្មី សំដៅធ្វើឲ្យទីធ្លារសាលារៀន មានសោភ័ណ្ឌភាពកាន់តែស្រស់បំព្រង និងជាម្លប់ដល់សាលារៀន ព្រមទាំងផ្ដល់ជាម្លប់ឲ្យសិស្សជ្រកកោន និងសម្រាកលេងកម្សាន្ដផងដែរ។

លោកស្រីបានបន្តថា ដើមឈើមានអត្ថប្រយោជន៍ណាស់ សម្រាប់សរីរាង្គមានជីវិតទាំងអស់ លើភពផែនដីទាំងមនុស្ស, សត្វ, និងរុក្ខជាតិ ហើយដើម្បីរក្សានិរន្តរភាពព្រៃឈើបាន លុះត្រាណាមនុស្សទាំងអស់ ចេះទាញយកផលប្រយោជន៍ពីព្រៃធម្មជាតិទាំងនេះ ដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវទើបមិនមានការបាត់បង និងគង់វង្សព្រៃឈើ ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ។

លោកស្រីបញ្ជាក់ថា តាមរយៈសកម្មភាពធ្វើរួមគ្នាពេលនេះ បានបង្ហាញពីការចូលរួមចំណែក ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រង, ការពារ, អភិរក្ស និងអភិវឌ្ឍព្រៃឈើនៅកម្ពុជា ឲ្យបានចីរភាព។ ការជួបជុំថ្ងៃនេះជានិមិត្តរូបនៃ ការរួបរួមសាមគ្គីគ្នា ឯកភាពគ្នា និងសហការគ្នា ដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យកាន់តែសម្បូរសប្បាយរុងរឿង។

លោកស្រី ជា សិរី ឲ្យដឹងទៀតថា បច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា យុវជនបានចូលរួមយ៉ាងសកម្ម ក្នុងការងារអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដែលបង្ហាញឲ្យឃើញថា យុវជនមានតួនាទីកាន់តែសំខាន់ ក្នុងការកសាងជាតិមាតុភូមិ ប្រកបដោយស្មារតីសាមគ្គី និងទទួលខុសត្រូវខ្ពស់ចំពោះជាតិ។

លោកស្រី ជា សិរី បានបញ្ជាក់ឲ្យសិស្សានុសិស្សដឹងពី ផលប្រយោជន៍ព្រៃឈើថា ក្នុងព្រៃឈើ១ហិចតា អាចបញ្ចេញឧស្មន័អុកស៊ីសែនចំនួន២.៧តោន កែច្នៃក្រដាសឡើងវិញ១តោន, អាចរក្សាទុកព្រៃឈើបាន១៧ដើម ស្មើនឹងប្រេង១,៤០០លីត្រ ដែលស្មើនឹងថាមពលអគ្គីសនី៤,០០០វ៉ាត់ និងស្មើនឹងទឹក២៧,០០០លីត្រ។

ឱកាសនោះធនាគារ CIMB បានឧបត្ថម្ភដល់វិទ្យាល័យកំពង់ថ្ម ការឧបត្ថម្ភនេះផ្ដល់ជូន តាមរយៈលោកស្រី ជា សិរី រួមមាន៖ ម៉ាស៊ីនបូមទឹក១គ្រឿង, ម៉ាស៊ីនកាត់ស្មៅ១គ្រឿង និងសម្ភារសិក្សាដល់សិស្សថ្នាក់ទី១២ ត្រូវប្រលងចំនួន២១៦នាក់។

ក្នុងនោះលោកស្រី ជា សិរី ក៏បានឧបត្ថម្ភប៊ូល១ឈុត១២គ្រាប់ ដើម្បីលើកកម្ពស់គុណភាពកីឡាប៉េតុងផងដែរ៕