(កណ្តាល)៖ ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្ឋ ក្រុមហ៊ុន វិកថឹរី ឡែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងសាងសង់លំនៅដ្ឋាន និងដីឡូត៌ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ បានបើកសម្ពោធផ្សារដំណាក់ព្រីង មួយកន្លែងនៅលើគម្រោងរបស់ខ្លួន នៅជាប់ផ្លូវជាតិលេខ៥១ ស្ថិតនៅភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញ្ញាឰ ខេត្តកណ្តាល ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ បានប្រកបអាជីវកម្ម រកចំណូលចិញ្ចឹមគ្រួសាររបស់ពួកគាត់បាន។

លោកស្រី ស៊្រុន សុខា អគ្គនាយិការនៃក្រុមហ៊ុន វិកថឹរី ឡែន បានឱ្យដឹងថា បានជាលោកស្រីសម្រេចបើកសម្ភោធផ្សារដំណាក់ព្រីងនេះ ដោយមើលឃើញថា តំបន់ផ្លូវជាតិលេខ៥១នេះ ចាប់ផ្តើមមានប្រជាពលរដ្ឋរស់នៅច្រើន ហើយជាតំបន់កំពុងមានសក្តានុពលខ្លាំង និងដោយមើលឃើញថាតំបន់នេះ ស្ថិតនៅឆ្ងាយពីផ្សារចន្លោះពីបាត់ដឹង ទៅឧត្តុង ដែលធ្វើឱ្យប្រជាពលរដ្ឋពិបាកក្នុងការរកទិញទំនិញផ្សេងៗ ដូចនេះហើយផ្សារដំណាក់ព្រីងនេះ នឹងជួយបង្ករភាពកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាជួយឱ្យពលរដ្ឋអាចប្រកបអាជីវកម្មរកចំណូល ជួយគ្រួសារបានថែមទៀតផង ដោយសារនៅជុំវិញនេះមានសាលារៀន និងមន្ទីពេទ្យផងដែរ។

លោកស្រីបានបន្ថែមទៀតថា ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែចូលរួមក្នុងការជួយអភិវឌ្ឍន៍ភូមិ ឃុំ មានសុវត្ថិភាព និងចូលរួមក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដូចនេះហើយផ្សារមួយនេះ ក៏ដើម្បីជាការចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បានថែមមួយកម្រិតទៀតផងដែរ ជាមួយនឹងការជួលតូបលក់ដូរ ក្នុងតម្លៃទាបផងដែរ។

អគ្គនាយិការរូបនេះបានបញ្ជាក់ទៀតថា ផ្សារមួយនេះធ្វើឡើងក្នុងទំហំផ្ទៃដីប្រមាណ៤ពាន់ម៉ែត្រការ៉េ ដែលមានតូបចំនួន៣០ ធំទូលាយអាចធ្វើឱ្យបងប្អូនអាជីវករ អាចលក់ដូរបានងាយស្រួលផងដែរ។ នៅពេលខាងមុខទៀត ក្រុមហ៊ុន វិកថឹរី ឡែន ក្រៅពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងដីឡូត៌ និងបង្កើតឱ្យមាផ្សារសហគមន៍ថ្មីមួយទៀត ជាមួយនឹងកន្លែងកម្សាន្តសម្រាប់កុមារ តារាងបាល់ទាត់ រួមទាំងមានអគារបន្ទប់ជួលសម្រាប់ជួលឱ្យបងប្អូនកម្មករ ដែលធ្វើការនៅក្បែរៗគម្រោងនេះផងដែរ។

អាជីវករលក់ដូរក្នុងផ្សារដំណាក់ព្រីង បានឱ្យដឹងដែរថា លោកស្រីពិតជាមានអារម្មណ៍រំភើបរីករាយ ដែលនៅក្នុងតំបន់របស់គាត់ មានផ្សារមួយនេះ ដែលអាចជួយបង្កើតមុខរបរមួយបាន ដើម្បីជួយឱ្យជីវភាពក្នុងគ្រួសាររបស់គាត់ បានកាន់តែប្រសើរឡើងមួយកម្រិតទៀតផងដែរ ជាមួយគ្នានោះលោកស្រីក៏បានសំនូមពរ ឱ្យអគ្គនាយិការផ្សារត្រពាំងព្រីងនេះ ពង្រីកផ្សារនេះឱ្យបានកាន់ធំថែមទៀតផងដែរ។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន វិកថឹរី ឡែន មានគម្រោងសាងសង់លំនៅដ្ឋាន និងដីឡូត៌ នៅលើផ្ទៃដី៥៥ហិចតា ដែលមានលក់ដីឡូត៌ ផ្ទះអាជីវកម្ម ផ្ទះវីឡាទោល និងមានបង្កើតជាផ្សារសហគមន៍ និងកន្លែងកម្សាន្តសម្រាប់កុមារផងដែរ។ ក្នុងថ្ងៃសម្ភោធផ្សារត្រពាំងព្រីងនេះ ក៏មានការចាប់រង្វាន់ជូនដល់អតិថិជនដែលបានទិញគម្រោងដីឡូត៌ និងគម្រោងផ្ទះផងដែរ ដែលរង្វាន់មានដូចជា ម៉ូតូហុងដាឌ្រីម ស៊េរីថ្មី ២គ្រឿង ទូរទឹកកក៥ ឆ្នាំងដាំបាយ១០ កង្ហារ១០ផងដែរ៕