(លីយ៉ុង-បារាំង)៖ ដោយទទួលបានគោលការណ៍ពីលោក ហ៊ុន ម៉ាណែត និងលោក ហួត ហាក់, នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅទីក្រុងលីយ៉ុង នៃប្រទេសបារាំង លោក ម៉ី វ៉ាន់ អនុប្រធានក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប និងជាប្រធានក្រុមការងារយុវជនទទួលបន្ទុកប្រទេសស្វីស, ទីក្រុងលីយ៉ុង និងទីក្រុង Chambery នៃប្រទេសបារាំង បានរៀបចំពិធីប្រកាសទទួលស្គាល់ ការបង្កើតសាខាគណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុង Chambery និងការបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាចំនួន៨៣រូប ដោយមានការចូលរួមជាអធិបតីភាពពី លោកបណ្ឌិត ចែម វីឌ៉្យា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសបារាំង។

ពិធីនេះក៏មានការចូលរួមពីលោក សាមុត សុខារិន ប្រធានសាខាគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុងលីយ៉ុង និងបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅ ក្នុងប្រទេសបារាំងប្រមាណ ១៥០នាក់ផងដែរ។

ក្នុងឱកាសនោះដែរ លោក ម៉ី វ៉ាន់ និងលោកបណ្ឌិត ចែម វីឌ៉្យា ក៏បានប្រារព្ធពិធីអបអរសារទរទិវាជ័យជម្នះ ០៧មករា នឹងបានលើកឡើងអំពីអត្ថន័យ នៃទិវាបុណ្យជាតិជ័យជម្នះ ០៧ មករា និងសមិទ្ធផលដែលកម្ពុជា សម្រេចបានក្នុងរយៈកាល៤១ឆ្នាំនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជម្រាបជូនអង្គពិធីផងដែរ៕