(ភ្នំពេញ)៖ នៅពេលនេះ ចំពោះស្ថានការណ៍ជម្លោះរវាងអាមេរិក និងអ៉ីរ៉ង់ ដែលបានទ្បើងកំដៅយ៉ាងខ្លំាងបន្ទាប់ពីអាមេរិក បានបាញ់មីស៊ីលដ្រូនសម្លាប់មេទ័ពកំពូលអ៉ីរ៉ង់ឈ្មោះ ការស្សេម សូទ្បៃមេនី (Qassem Solemani) នៅក្នុងទឹកដីប្រទេសអ៉ីរ៉ាក់ ហើយត្រូវបានអ៉ីរ៉ង់ធ្វើការវាយប្រហារសងសឹកដោយបាញ់មីស៊ីលស្រោច២២គ្រប់ ទៅលើមូលដ្ឋានទ័ពអាមេរិកពីរកន្លែងនៅក្នុងទឹកដីអ៉ីរ៉ាក់វិញនោះ គឺបានធ្វើឲ្យពិភពលោក មានការព្រួយបារម្ភជាទីបំផុត។

ស្ថិតក្នុងជម្លោះនេះ បើនិយាយពីទំនាក់ទំនងការទូតរវាងប្រទេសទំាងពីរពុំមាននោះទេ។ តើហេតុអ្វីអាមេរិកនិងអ៉ីរ៉ង់ គ្មានចំណងការទូត?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីជម្លោះរវាងអាមេរិក និងអ៉ីរ៉ង់ ដែលសព្វថ្ងៃ ពុំមានចំណងការទូតនិងគ្នានោះ គឺបណ្ដាមកពីបញ្ហាផ្សេងៗជាច្រើន តែអ្វីជាបញ្ហាជំទាស់សំខាន់នោះ គឺផ្ដើមចេញពីផលប្រយោជន៍ប្រេងនៅឆ្នាំ១៩៧៩។ បានន័យថាមុនហេតុការណ៍ឆ្នាំ១៩៧៩ អាមេរិកនិងអ៉ីរ៉ង់ ជាសម្ព័ន្ធមិត្ដដ៏ល្អនិងគ្នា ហើយមានចំណងការទូតដ៏ប្រពៃផងដែរ ។

ដោយហេតុថានៅពេលនោះ ផលិតផលប្រេងក្នុងប្រទេសអ៉ីរ៉ង់ទំាងអស់ ត្រូវបានកាន់កាប់ដោយក្រុមឯកជនដោយទ្បែកៗពីគ្នា ហើយអាមេរិក ជាអ្នកមានភាគហ៊ុន រកស៊ីប្រេងទំាងនេះយ៉ាងកាក់កបបំផុត។

ប៉ុន្ដែនៅឆ្នាំ១៩៧៩ ប្រទេសអ៉ីរ៉ង់បានធ្វើបដិវត្ដវិស័យប្រេង ក្នុងគោលបំណងដើម្បីរក្សាគុណតម្លៃខ្លួន ដោយឈរលើគោលនយោបាយថា «ឆ្នាំបដិវត្ដប្រេង គឺប្រេងទំាងអស់នៅក្នុងប្រទេសអ៉ីរ៉ង់ ត្រូវគ្រប់គ្រង់ដោយរដ្ឋ ហើយរដ្ឋមានតួនាទីចែករំលែកផលប្រយោជន៍ឲ្យប្រជាជនអ៉ីរ៉ង់ស្មើៗគ្នា»

លោក រត្ន័ សណ្ដាប់ បញ្ជាក់ថាដោយឈរលើ គោលនយោបាយបដិវត្ដប្រេងនេះហើយ បានធ្វើឲ្យមានការប៉ះពាល់ដល់ក្រុមហ៊ុន រកស៊ីប្រេងទំាងអស់ ត្រូវបាត់បង់ផលប្រយោជន៍ ទំាងស្រុងចាប់ពីពេលនោះ។

បើដូច្នេះស្ថិតត្រង់ចំណុចនេះហើយ ជាហេតុធ្វើឲ្យអាមេរិកនិងអ៉ីរ៉ង់ មើលមុខគ្នាមិនចំ រហូតឈានដល់ផ្ដាច់ចំណងការទូត និងគ្នាចាប់ពីឆ្នាំ១៩៨០ រហូតដល់បច្ចុប្បន្ន៕