(កណ្តាល)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) សហការជាមួយនាយកដ្ឋានអប់រំសុខភាពផ្លូវចិត្ត និងបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល, ក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំព្រែកតាមាក់ និងអជ្ញាធរភូមិ-ឃុំ បានធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធានការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងការព្យាបាលចំពោះអ្នកញៀនគ្រឿងញៀន ជូនដល់ប្រជាជន និងយុវជននៅក្នុងមូលដ្ឋានឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។

វេជ្ជបណ្ឌិត ស៊ឹម សុខច័ន្ទ ស៊ឹម សុខចាន់ ទទួលបន្ទុកដឹកនាំបេសកកម្មអប់រំសុខភាព សហគមន៍នៃសមាគម TYDA បានថ្លែងថា បេសកកម្ម នៃកម្មវិធីអប់រំសុខភាពនៅតាមបណ្ដា សហគមន៍របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោប្រចាំឆ្នាំ២០២០ ដើម្បីចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់នូវការយល់ដឹងនិងបង្ការការប្រើប្រាស់គ្រឿងញៀន និងបង្កើនការយល់ដឹងនៃការថែទាំសុខភាពរស់នៅប្រចាំថ្ងៃផងដែរ។

ម្យ៉ាងទៀតថា ការអប់រំសុខភាពនេះ គឺដើម្បីទប់ស្កាត់នៃការប្រើប្រាស់គ្រឿងញៀន និងការរើសអើងនៃនៃអ្នកប្រើប្រាស់គ្រឿងញៀនព្រោះថាពួកគាត់គឺជាជនរងគ្រោះមិនមែនជាឧក្រិដ្ឋជននោះទេ ហើយត្រូវការព្យាបាល និងការលើកទឹកចិត្ត។

លោកបន្តថា យុទ្ធនាការនេះ ក៏មានការបែងចែកជាក្រុមតូចៗបន្ថែមទៀត ដើម្បីចុះផ្សព្វផ្សាយណែនាំនៅតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋផ្ទាល់ នៅក្នុងភូមិទាំង ១០ នៃឃុំព្រែកតាមាក់ បានចំនួន៦៦០ខ្នងផ្ទះ ព្រមទាំងបានចែកនូវឱសថព្យាបាល និងសម្ភារសិក្សាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា ក្រៅពីសកម្មភាពមនុស្សធម៌ចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ កុមារកំព្រា កងទ័ព គ្រួសារកងទ័ពដាក់ឥតគិតថ្លៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក៏បានចុះអប់រំសុខភាពដើម្បីបញ្ជ្រៀបការយល់ដឹងអំពីការថែទាំសុខភាពតាមរយៈការរស់នៅស្អាតហូបស្អាត ផឹកស្អាត និងការបញ្ជ្រាបការយល់ដឹងអំពីគ្រោះថ្នាក់គ្រឿងញៀន ដល់សហគមន៍ដែលងាយរងគ្រោះនៃគ្រឿងញៀនជាងរៀងរាល់ខែផងដែរ៕