(ស្វាយរៀង)៖ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅស្រុកកំពង់រោទិ៍ ប្រចាំឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២០ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។

លោកគូសបញ្ជាក់បន្ថែមថា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្នុងស្រុកកំពង់រោទិ៍របស់យើងពិតមានសារៈសំខាន់ណាស់ ក្នុងការគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ពោលគឺ៖

*ទី១៖ ចូលរួមលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្តាប់នូវកង្វល់ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន។

*ទី២៖ ផ្សព្វផ្សាយកម្មវិធីនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាប និងស្វែងរកការគាំទ្រ និងចូលរួមការអនុវត្តកម្មវិធីនយោបាយនេះ។

*ទី៣៖ ដោះស្រាយ និងបូកសរុបសំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីកំណត់ទិសដៅ វិធានការដោះស្រាយ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
លើសពីនេះទៀត ការចុះមូលដ្ឋានពិតជាបានជំរុញការយល់ដឹងកាន់តែច្បាស់លាស់ពីសភាពការណ៍ជាក់ស្តែងនៅតាមមូលដ្ឋាននីមួយៗ និងបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលថ្នាក់កណ្តាល អាជ្ញាធរ រដ្ឋអំណាចមូលដ្ឋាន និងប្រជាជនផ្ទាល់។

សកម្មភាពកន្លងមក ក្រុមការងារបានផ្សព្វផ្សាយកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ព្រមទាំងកម្មវិធីកំណែទម្រង់ និងលិខិតបទដ្ឋានគតិយុត្តថ្មីរបស់រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ននានា ដែលបានធ្វើឱ្យប្រជាពលរដ្ឋបានយល់ដឹងជ្រួតជ្រាបពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ បានកសាងនូវជំនឿទុកចិត្ត និងធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនតាមរយៈវេទិកាសាធារណៈ បានយល់ដឺងកាន់តែច្បាស់ និងយល់ព្រមទទួលយកនូវការបកស្រាយបំភ្លឺ និងដំណោះស្រាយចំពោះបញ្ហាប្រឈម សំណូមពរ និងសំណើសុំនានារបស់ពួកគាត់។ ក្ដាប់បាននូវសភាពការណ៍ បញ្ហាប្រឈម ការរស់នៅ និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ពិសេសការបម្រើសេវារបស់អាជ្ញាធរមូលដ្ឋាន ក្នុងការផ្ដល់សេវារដ្ឋបាល និងសេវាតម្រូវការ។ បានចូលរួមចំណែកក្នុងការអភិវឌ្ឍលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈយន្តការដោះស្រាយបញ្ហាភ្លាមៗ តាមរយៈការផ្តល់សេវាសំណូមពរ និងសេវាតម្រូវការព្រមទាំងការកៀគរប្រភពធនធាននានា មកធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋាន។

មានអនុសាសន៍មួយចំនួន ត្រូវបានលើកឡើងជាទិសដៅបន្តក្នុងកិច្ចប្រជុំនោះ រួមមាន៖

* បន្តរៀបចំផែនការសកម្មភាពរបស់ក្រុមការងារចុះមូលដ្ឋានស្រុក និងឃុំទាំង១១
* បន្តរៀបចំវេទិកាផ្សព្វផ្សាយកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ព្រមទាំងកម្មវិធីកំណែទម្រង់ និងលិខិតបទដ្ឋានគតិយុត្តថ្មី ដែលរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នបានដាក់ចេញ ដើម្បីកាត់បន្ថយការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន នាពេលកន្លងមក
* ខិតខំដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ តាមរយៈកិច្ចសហការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពជំនាញ និងក្រសួង ស្ថាប័នពាក់ព័ន្ធ
* បន្តផ្សព្វផ្សាយ ពន្យល់ បកស្រាយ និងវាយបក ប្រឆាំងនូវរាល់ព័ត៌មានក្លែងក្លាយ ដែលត្រូវបានជនអគតិ និងពួកប្រឆាំងបានផ្សព្វផ្សាយ មួលបង្កាច់ វាយប្រហារមកលើរាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋជាដើម
* បន្តខិតខំទំនាក់ទំនង សម្របសម្រួល និងគៀគរប្រភពធនធាន និងហិរញ្ញវត្ថុ ដើម្បីមកអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន៕