(សៀមរាប)៖ គិតត្រឹមឆ្នាំ២០២០ មានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរា ត្រូវបានបង្កើតឡើង ក្នុងនោះសមិទ្ធផលជាច្រើន ពិសេសសមិទ្ធផល ក្នុងការគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរ ក៏បានកើតឡើងជាមួយគ្នាដែរ ខណៈគោលការណ៍បន្តស្ដារប្រព័ន្ធធារាសាស្ត្របុរាណផ្សេងទៀត ក៏កំពុងត្រូវបានដាក់ចេញ និងអនុវត្តជាបន្តបន្ទាប់។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល លើកឡើងថា រហូតមកដល់បច្ចុប្បន្ន ដោយអ្នកជំនាញជាតិ កាន់តែមានសមត្ថភាពខ្ពស់ ដូច្នេះអាជ្ញាធរជាតិអប្សរា មានធនធានមនុស្សគ្រប់គ្រាន់ ដើម្បីទ្រទ្រង់កិច្ចការអភិរក្ស និងជួសជុលប្រាសាទ។

លោកថា កិច្ចការគ្រប់គ្រងទឹក ដែលជាភារកិច្ចសំខាន់ដែរនោះក៏ទទួលបានភាពជោគជ័យជាច្រើនដែ ដោយបានស្ដារប្រព័ន្ធធារាសាស្រ្ដបុរាណសរុបប្រមាណ ៥២គីឡូម៉ែត្រ។

ចាប់ពីឆ្នាំ២០០៤មក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសិក្សាពីរចនាសម្ពន្ធប្រព័ន្ធធារាសាស្រ្ដសម័យបុរាណ និងឈានដល់ការស្ដារឡើងវិញ។ ជាក់ស្ដែងក្នុងឆ្នាំ២០០៨ អាជ្ញាធរជាតិអប្សរាបានស្ដារប្រព័ន្ធបង្ហូរទឹក ដែលមានប្រភពពីភ្នំគូលែនចូលទៅក្នុងបារាយណ៍ជ័យតដាក ឬបារាណយ៍ខាងជើង ក្រោយគោកគ្មានទឹកអស់រយៈកាលជាង៥០០ឆ្នាំមកហើយ។

លោក ឡុង កុសល បានបន្ថែមថា ចំណុចនេះគឺមានសារសំខាន់ណាស់ ដែលអាជ្ញាធរជាតិអប្សរាប្រឹងប្រែងធ្វើឱ្យប្រព័ន្ធធារាសាស្រ្ដបុរាណដំណើរការឡើងវិញ ដើម្បីកិច្ចអភិរក្សប្រាសាទ ក៏ដូចជាសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពផលកសិកម្មរបស់ប្រជាពលរដ្ឋ។

អាជ្ញាធរជាតិអប្សរាក៏បានស្ដារកសិន្ធុសំខាន់ៗក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមាន៖ កសិន្ធុប្រាសាទព្រះខ័ន កសិន្ធុប្រាសាទអង្គរវត្ត និងកសិន្ធុក្រុងអង្គរធំ ដែលពីមុនទីតាំងទាំងនោះមានទឹកតែក្នុងរដូវវស្សាតែប៉ុណ្ណោះ។

បច្ចុប្បន្ន ទាំងបារាយណ៍ និងកសិន្ធុប្រាសាទទាំងអស់អាចផ្ទុកទឹកក្នុងកម្រិតអតិបរិមាជាង ១០០លានម៉ែត្រគូប។ ក្រៅពីប្រើប្រាស់លើការអភិរក្សប្រាសាទហើយនោះ អាជ្ញាធរជាតិអប្សរាក៏បានបញ្ជូនចែកចាយទឹកពីបារាយណ៍ទឹកថ្លាដល់ស្រែប្រជាពលរដ្ឋលើផ្ទៃដី ៧,៥០០ហិកតា ការបង្កបង្កើនផលដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ ក៏ដូចជាចែកចាយដល់រដ្ឋាករទឹកស្អាត ដើម្បីផលិតទឹកស្អាតផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃដល់ពលរដ្ឋក្នុងក្រុងសៀមរាបមួយកម្រិតទៀត។

បើតាមលោក ឡុង កុសល បន្ទាប់ពីជោគជ័យលើការគ្រប់គ្រងទឹកទាំងនេះ អាជ្ញាធរជាតិក៏មានគោលការណ៍ស្ដាររចនាសម្ពន្ធធារាសាស្ត្របុរាណផ្សេងទៀត ដែលបច្ចុប្បន្នគោករីងទឹកអស់ឲ្យដំណើរការឡើងវិញ ដើម្បីជាប្រយោជន៍អភិរក្សប្រព័ន្ធធារាសាស្រ្ដបុរាណផង និងជាប្រភពទឹកប្រើប្រាស់សម្រាប់មនុស្សបច្ចុប្បន្នផង៕