(កំពង់ឆ្នាំង)៖ ការព្យាបាលជំងឺត្រូវយកចិត្តទុកដាក់កុំធ្វើឱ្យឲ្យរួចតែពីដៃ រហូតដល់មានគ្រោះថ្នាក់ដែលជាបញ្ហាប្រឈមចំពោះអ្នក ជំងឺដែលមករកសេវាព្យាបាល។ លោកអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះ នៅក្នុងពិធីជួបជាមួយអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលផ្នែកឯកជន និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងសុខាភិបាល និងច្បាប់ពាក់ព័ន្ធនានា ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោក អម សុភា អភិបាលរងខេត្ត ដោយមានការចូលរួមពីប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន អភិបាលស្រុកក្រុង ទាំងបួននិងអស់លោក លោកស្រីជាក្រុមគ្រូពេទ្យអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលផ្នែកឯកជន ចូលរួម ១៣៣នាក់ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅក្នុងសាលប្រជុំមន្ទីរសុខាភិ បាលខេត្តកំពង់ឆ្នាំង។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានថ្លែងថា វិស័យសេវាឯកជនដែលមាន ច្បាប់អនុញ្ញាតសរុបចំនួន ៤៧៥កន្លែង មានបន្ទប់សម្រាប់ព្យាបាល ៥កន្លែង បន្ទប់ពិគ្រោះព្យាបាល ៨៩កន្លែង បន្ទប់ថែទាំជំងឺ ២៩៣កន្លែង បន្ទប់ពិគ្រោះស្ត្រីមានផ្ទៃពោះ ២៥១កន្លែង បន្ទប់ពិគ្រោះព្យាបាលសុខភាពមាត់ធ្មេញ ២២កន្លែង បន្ទប់ព្យាបាលជំងឺភ្នែកមួយកន្លែង ចលនាមួយកន្លែងកំពុងបានផ្ដល់សេវាជូនប្រជាពលរដ្ឋផងដែរ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា លក្ខខណ្ឌ នៃការអនុញ្ញាតច្បាប់ផ្ដល់សេវាឯកជនរួមមាន៖

*ទី១ ៖ ម្ចាស់សេវាត្រូវមានគុណវឌ្ឍន៍មានសញ្ញាបត្រទទួលស្គាល់ដោយក្រសួងសុខាភិបាល ឬសញ្ញាបត្រមានតម្លៃស្មើ
*ទី២ ៖ ត្រូវមានការទទួលស្គាល់ពីក្រុមប្រឹក្សាគណៈវិជ្ជាជីវៈនីមួយៗ
*ទី៣ ៖ ការបើកបន្ទប់ថែទាំអ្នកជំងឺឯកជន សម្រាប់អ្នកមានសញ្ញាប័ត្រគិលានុបដ្ឋានមធ្យម
*ទី៤ ៖ បើកបន្ទប់ពិគ្រោះព្យាបាលជំងឺសម្រាប់អ្នកមានសញ្ញាប័ត្រវេជ្ជបណ្ឌិត ឬគ្រូពេទ្យមធ្យម
*ទី៥ ៖ បន្ទប់ថែទាំជំងឺបន្ទប់ពិគ្រោះសិទ្ធិស្ត្រីមានផ្ទៃពោះ បន្ទប់ពិគ្រោះព្យា បាលជំងឺឯកជនមិនអនុញ្ញាតឱ្យទទួលអ្នកជំងឺសម្រាកព្យាបាលឡើយ។

ការអនុញ្ញាតច្បាប់ផ្ដល់សេវាឯកជន ក្រសួងសុខាភិបាល បានផ្ដល់ជូនអភិបាលក្រុងស្រុក ជាអ្នកផ្ដល់ច្បាប់អនុញ្ញាតក្រោមការផ្ដល់យោបល់ពីផ្នែកសុខាភិបាលក្នុងដែនសមត្ថកិច្ចនីមួយៗ និងមាន ការចុះត្រួតពិនិត្យថ្នាក់មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិផងដែរ។

អភិបាលខេត្តកំពង់ឆ្នាំង បានផ្ដាំផ្ញើដល់ម្ចាស់សេវាឯកជនទាំងអស់ សុំធ្វើយ៉ាងណាអនុវត្តឲ្យបានល្អតាមគោលការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈ តែក៏នៅមានម្ចាស់សេវាឯកជនមួយចំនួន ពុំទាន់បានប្រតិបត្តិបានត្រឹមត្រូវ ដោយទទួលអ្នកជំងឺសម្រាកក្នុងបន្ទប់ពិគ្រោះព្យាបាល បន្ទប់ថែទាំជំងឺឯកជនរបស់ខ្លួនរយៈពេលយូរដោយមិនគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ ការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យដល់អ្នកជំងឺ ការយកលុយច្រើនពេកពីអ្នកជំងឺ ការប្រើប្រាស់ឱសថ ការប្រើសេរ៉ូមបញ្ជូនតាមម៉ូតូ ការប្រាស្រ័យទំនាក់ទំនង ជាមួយអតិថិជនឬអ្នកជំងឺមិន ទាន់បានល្អដែលធ្វើឲ្យវិស័យសុ ខាភិបាលមិនមានប្រសិទ្ធភាព។

អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ សូមឱ្យអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផ្នែកឯកជននិងក្រុមគ្រូពេទ្យ ត្រូវពង្រឹងលើវិជ្ជាជីវៈសុខាភិបាលបើការព្យា បាលរបស់យើងពូកែ និងមានប្រសិទ្ធភាពនោះអ្នកជំងឺនឹងរត់រកមិនពិបាកក្នុងការដើររកអ្នកជំងឺនោះឡើយ៕