(ព្រុយណេ)៖ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) លើកទី១៩ នៅប្រទេសព្រុយណេ នាឱកាសនៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២០ (ASEAN Tourism Forum 2020) ក្រោមប្រធានបទ អាស៊ាន៖ ទាំងអស់គ្នាឆ្ពោះទៅកាន់ការធ្វើដំណើរជំនាន់ថ្មី (ASEAN: Together towards a Next Generation of Travel)។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីបានអបអរសាទរ ចំពោះកំណើនទេសចរមកទស្សនាតំបន់អាស៊ានបូកបី ឆ្នាំ២០១៩ មានចំនួន ២៤៤.៥លាននាក់ កើនឡើង ៥.៨%។ កិច្ចប្រជុំក៏បានពិនិត្យអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបី ជាពិសេសការអនុវត្តផែនការសកម្មភាពសហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបី ២០១៨ -២០២០ ដោយសម្រេចបានលទ្ធផលចម្បងដូចខាងក្រោម៖

១៖ អបអរសាទរវេទិកាអាស៊ានបូកបីស្តីពីស្តង់ដាគ្រប់គ្រងបរិស្ថាន កាលពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។
២៖ អបអរសាទរកិច្ចប្រជុំកំពូលយុវជនទេសចរណ៍អាស៊ានបូកបីឆ្នាំ២០១៩ កាលពីថ្ងៃទី២៥-៣១ ខែសីហា ឆ្នាំ២០១៩ នៅប្រទេសថៃ។
៣៖ សិក្ខាសាលាស្តីពីការធ្វើឲ្យប្រសើរឡើងនូវផលិតផល និងសេវាកម្មសហគមន៍ដើម្បីទាក់ទាញអ្នកធ្វើដំណើរវ័យក្មេងក្នុងសហវត្សថ្មី កាលពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌូនេស៊ី។
៤៖ សិក្ខាសាលាស្តីពីការគ្រប់គ្រងធនធានមនុស្សទេសចរណ៍អាស៊ាន និងបណ្តាញនៃការអភិវឌ្ឍន៍សម្រាប់កម្មវិធីសម្រាប់អេកូទេសចរណ៍ កាលពីថ្ងៃទី២១-២៤ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសម៉ាឡេស៊ី ។
៥៖ សន្និសីទវិនិយោគទេសចរណ៍អាស៊ាន-ជប៉ុន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសជប៉ុន។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានគាំទ្រដល់សមាជិកអាស៊ាន តាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ានចិននានាជាច្រើន ក្នុងអំឡុងឆ្នាំ២០១៩កន្លងមក ជាពិសេសការរៀបចំពិព័រណ៌ទេសចរណ៍អាស៊ាន-ចិន នាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុង Guilin ប្រទេសចិន ។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានសំដែងការអរគុណផងដែរ ដល់ប្រទេសជប៉ុនចំពោះសកម្មភាពជាច្រើនក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នាឆ្នាំ២០១៩កន្លងមក ក្នុងនោះរួមមាន ការរៀបចំសិក្ខាសាលា និងសន្និសីទនានា ការជួយផ្សព្វផ្សាយទេសចរណ៍តាមនាវាសមុទ្រ (Cruise Tourism) ព្រមទាំងការតាំងពិព័ណ៌ទេសចរណ៍អាស៊ាន-ជប៉ុនផ្សេងៗ។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានសំដែងអំណរគុណដល់ប្រទេសកូរ៉េ ចំពោះការគាំទ្រផ្សព្វផ្សាយ ពិធីបុណ្យទេសចរណ៍វប្បធម៌ក្នុងប្រទេសអាស៊ាន និងជំរុញគាំំទ្រទេសចរណ៍សហគមន៍ តាមរយៈកម្មវិធីអភិវឌ្ឍធនធានមនុស្ស និងការរៀបចំសិក្ខាសាលានានា។

ដោយឡែកលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់ប្រទេសបូកបី រួមមាន ចិន ជប៉ុន និងកូរ៉េ សម្រាប់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏ល្អកន្លងមកចំពោះកម្ពុជា ព្រមទាំងបានស្នើសុំឲ្យបន្តកិច្ចសហប្រតិបត្តិការនេះតទៅមុខទៀត។
សូមជម្រាបជូនផងដែរថា ឆ្នាំ២០១៩ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ ៦.៧លាននាក់ កើនឡើង៨% ក្នុងនោះ សម្រាប់រយៈពេល ១០ខែ ទេសចរចិនមានចំនួនប្រមាណ ២.៤លាននាក់ ទេសចរកូរ៉េមានចំនួន២០ម៉ឺននាក់ និងទេសចរជប៉ុនមានចំនួន១៦ម៉ឺននាក់៕