(ភ្នំពេញ)៖ បន្ទាប់ពីទទួលបាននូវថវិកាចំនួន៥ម៉ឺនដុល្លារ ពីសមាគមជាតិកាកបាទក្រហមចិន បានផ្តល់ជូនកាកបាទក្រហមកម្ពុជា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យតំណាងរបស់សម្តេចចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដោយនាំមកនូវអំណោយ កាកបាទក្រហមចិន ប្រគល់ជូនក្រុមគ្រួសារសព និងអ្នករងរបួសដោយសារបាក់រលំអាគារនៅខេត្តកែប កាលពីកន្លងទៅថ្មីៗនេះ។

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ គណៈប្រតិភូដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ-មន្ត្រីកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព និងជនរងគ្រោះ សរុបចំនួន១៣នាក់ នៅខេត្តចំនួន៣ គឺខេត្តកណ្តាល អ្នកស្លាប់ម្នាក់, ព្រៃវែង អ្នកស្លាប់៥នាក់ និងខេត្តស្វាយរៀង អ្នកស្លាប់៤នាក់ និងរបួស៣នាក់។

សម្រាប់សពមួយទទួលបានថវិកា១,០៦៩ដុល្លារ និងអ្នករបួសម្នាក់ទទួលបាន៥០០ដុល្លារ ពីកាកបាទក្រហមចិន។

ដោយឡែកសម្រាប់អ្នកស្លាប់ និងរបួសផ្សេងទៀត មន្ត្រីកាកបាទក្រហមកម្ពុជា បានចេញទៅតាមមុខព្រួញប្រតិបត្តិការផ្តល់ថវិកា ដែលទទួលបានពីកាកបាទក្រហមចិន ជូនដល់គ្រួសារសព និងអ្នករបួស ដោយបាក់រលំអាគារនៅខេត្តកែបផងដែរ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងសម្តែងការសោកស្តាយយ៉ាងក្រៃលែង ចំពោះសោកនាដកម្ម ដែលបានកើតឡើង ចំពោះគ្រួសារជនរងគ្រោះទាំងអស់ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពជនរងគ្រោះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងថា សមាគមជាតិកាកបាទក្រហមចិន បានផ្តល់ថវិកា៥ម៉ឺនដុល្លារ តាមរយៈកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ម្សិលមិញ ដើម្បីចូលរួមចំណែករំលែកទុក្ខ និងសម្រាលការលំបាករបស់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះរបស់ពលរដ្ឋយើង ដោយរលំអគារនៅកែប កាលពីពេលកន្លងទៅថ្មីៗនេះ។ ដូច្នេះក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បានចុះមកសួរសុខទុក្ខ និងប្រគល់ថវិកាជូនដល់គ្រួសារសព និងអ្នករងគ្រោះភ្លាមៗតែម្តង។

លោកស្រី មែន នារីសោភ័គ បានថ្លែងបញ្ជាក់ថា មិត្តចិនក៏ដូចជាសមាគមជាតិកាកបាទក្រហមចិន ជានិច្ចកាលតែងតែជួយដល់ប្រជាជនកម្ពុជា គ្រប់ពេលវេលាដែលជួបនឹងទុក្ខលំបាក៕