(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-ជប៉ុន បានទទួលជួបពិភាក្សាការងារជាមួយ លោក IMAMURA Masahiro ប្រធានគណៈប្រតិភូក្រុមមិត្តភាពសភាជប៉ុនកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យកិច្ចការបរទេសរវាងរដ្ឋសភាកម្ពុជា និងសភាជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត។

លោក IMAMURA Masahiro បានជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក្រុមមិត្តភាពសភាជប៉ុន-កម្ពុជា មកកាន់កម្ពុជា នាពេលនេះ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិត្តិការ រវាងក្រុមមិត្តភាពសភា នៃប្រទេសទាំងពីរផង និងចង់ស្វែងយល់ផងដែរ ពីកិច្ចសហប្រតិបត្តិការ របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន, លោក Keizo Obuchi ដែលបានជួយលើវិស័យដោះមីននៅកម្ពុជា និងសមិទ្ធិផលផ្សេងៗទៀត ដែលអតីតនាយករដ្ឋមន្ត្រីជប៉ុន បានជួយដល់កម្ពុជា។

លោក IMAMURA Masahiro បានធ្វើការកត់សំគាល់ផងដែរ ពីការរីកចម្រើនលូតលាស់ របស់កម្ពុជាលើគ្រប់វិស័យ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោក ក៏បានជូនពរសូមឲ្យកម្ពុជា ទទួលបានជោគជ័យនៅក្នុងការរៀបចំ កិច្ចប្រជុំអាស៊ីអឺរ៉ុប ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំ២០២០នេះ។

លោកប្រធានគណៈប្រតិភូ ក៏ចង់ឲ្យថ្នាក់ដឹកនាំកម្ពុជា អញ្ជើញទៅចូលរួមនៅអំឡុង ការប្រកួតកីឡាស៊ីហ្គេម ដែលប្រទេសជប៉ុន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ នាពេលខាងមុខផងដែរ។

លោក ឈាង វុន ប្រធានគណៈកម្មការរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជាជប៉ុន បានថ្លែងថា ការរីចម្រើនរបស់កម្ពុជា រហូតមកដល់សព្វថ្ងៃនេះ ក៏មានការួមចំណែក របស់ប្រទេសជប៉ុន ក្នុងការជួយស្វែងរក សន្តិភាពនៅកម្ពុជា និងមួយចំណែកទៀត គឺជាគោលនយោបាយ និងយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យមានសន្តិភាព យ៉ាងពិតប្រាកដនៅកម្ពុជា។ លោកបានបន្តថា បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍន៍ដែរ។

លោក ឈាង វុន បានបន្ថែមថា ដូចលោក និងគណៈប្រតិភូ បានដឹងរួចមកហើយថា ប្រទេសកម្ពុជា បានទទួលរងគ្រោះ ដោយភ្លើងសង្រ្គាមជាច្រើនទសវត្សរ៍ និងបានបន្សល់នូវគ្រាប់មីនជាច្រើន កប់នៅក្នុងដី ដែលបណ្តាល ឲ្យប្រជាពលរដ្ឋទទួលរងគ្រោះ។ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋសភា សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយ លើវិស័យដោះមីនដល់កម្ពុជា ក៏ដូចជាវិស័យផ្សេងៗទៀត។

នៅក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ក៏បានថ្លែងអំណរគុណ ជូនដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងចូលរួមចំណែកជួយស្តា ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យនៅកម្ពុជា។ ទន្ទឹមនឹងនោះ ជប៉ុន បានជួយគាំទ្រកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ ដែលបានផ្តល់ដល់យុវជននូវចំណេះដឹង និងការផ្លាស់បទពិសោធន៍ វប្បធម៌ប្រពៃណីគ្នាទៅវិញទៅមក ជាទុនពុទ្ធិដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ៕