(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋខ្មែរ ២នាក់ ត្រូវបានសមត្ថកិច្ចថៃ បញ្ជូនខ្លួនមកឱ្យសមត្ថកិច្ចខ្មែរវិញ តាមច្រកអន្តរជាតិជាំសាង៉ាំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោយជាប់ទោសជិត២ឆ្នាំ ក្នុងទឹកដីថៃ ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូង។

មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានថ្លែងឱ្យដឹងថា នៅវេលាម៉ោង១២៖២២នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ សមត្ថកិច្ចថៃបានធ្វើការបញ្ជូនខ្លួនពលរដ្ឋខ្មែរ២នាក់ តាមច្រកអន្តរជាតិជាំសាង៉ាំ បន្ទាប់ពីជាប់ឃុំឃាំងអស់រយៈពេលជិត២ឆ្នាំ នៅស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ ពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង ចូលតាមច្រកភ្នំខ្មោច។

សមត្ថកិច្ចបានបន្តទៀតថា ពលរដ្ឋខ្មែរទាំង២នាក់នេះ ត្រូវបានទាហានថៃចាប់ខ្លួន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើ។ សមត្ថកិច្ចបន្តថាពលរដ្ឋខ្មែរទាំង២ រួមមានទី១៖ ឈ្មោះ សៀង ស្រស់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិសំបូរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងទី២៖ ឈ្មោះ នួន សុភក្រ័ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូរ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

បន្ទាប់ពីធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការឆ្លងដែនខុសច្បាប់ទៀត សមត្ថកិច្ចបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕