(ត្បូងឃ្មុំ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ មានសិស្សវិទ្យាល័យក្រូចឆ្មារ ស្រុកក្រូចឆ្មារ ចំនួន១០នាក់បន្ថែមទៀតហើយ បានដួលសន្លប់ និងត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។

បើតាមសេចក្ដីរាយការណ៍ ក្នុងចំណោមសិស្សទាំង១០នាក់ដែលបន្ដដួលសន្លប់នេះ មានអ្នកជំងឺចាស់ដែលដួលសន្លប់ពីថ្ងៃមុន៦នាក់ និងថ្មី៤នាក់ ហើយបើសរុបទាំងនៅថ្ងៃនេះ ចំនួនសិស្សដែលបានដួលសន្លប់កើនឡើងសរុបចំនួន៥២នាក់។

សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០កន្លងទៅ សិស្សអនុ-វិទ្យាល័យក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ប្រមាណ៤០នាក់ បានដួលសន្លប់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែសម្រាប់ស្ថានភាពជំងឺវិញ បានធូរស្រាលខ្លះហើយ មិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ។

លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ ធ្លាប់បានបញ្ជាក់ថា តាមការសន្និដ្ឋានពីការដួលសន្លប់អាចមកកត្តាមួយចំនួនរួមមាន៖

*ទី១៖ កត្តាបរិស្ថាន៖ អាចផ្សែងចេញពីឡឥដ្ឋ ខាងក្រោយវិទ្យាល័យចំងាយប្រហែល ២០០ម៉ែត្រ និងឡដុតសំរាមក្នុងសាលា និងអាកាសធាតុក្ដៅហប់
*ទី២៖ កត្តាសុខភាព៖ សិស្សខ្សោយ អាហារមិនទៀងទាត់ សម្រាកមិនគ្រប់គ្រាន់ ក្នុងនោះអ្នកជំងឺខ្វះជាតិស្ករ, ខ្វះជាតិកាល់ស្យូម ក្រៅពីនេះពាក់ព័ន្ធអារម្មណ៍តក់ស្លុត ក្រោយពេលឃើញមិត្តភក្តិដួលសន្លប់៕