(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានបើកប្រតិបត្ដិការ ចុះបង្ក្រាបរថយន្ដ និងម៉ូតូចំនួន ២០គ្រឿង ដែលបានបំពាក់បំពងស៊ីមុំាងខុសបច្ចេកទេស (លឺៗ) ដែលបង្កការរំខានដល់ភ្លៀវជាតិ អន្តរជាតិតាមបណ្តា ភូមិគ្រឹះថ្នាក់ដឹកនាំ និវេសស្ថាន និងលំនៅដ្ឋានប្រជាពលរដ្ឋ ធ្វើឲ្យប៉ះពាល់សណ្តាប់សង្គម ជាពិសេសក្នុងម៉ោងសំរាកថ្ងៃ យប់ជាប្រចាំ។

បើតាមអាជ្ញាធរខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់មកបណ្ដាញព័ត៌មាន Fresh News នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ឲ្យដឹងថា ក្នុងនោះ ផ្នែកជំនាញ និងប៉ុស្តិ៍ទាំង១១ បានចេញធ្វើសកម្មភាពល្បាតពួន ស្ទាក់ ទប់ស្កាត់ បទល្មើស គ្រប់ប្រភេទ ត្រួតពិនិត្យ និងបង្ក្រាបលើមធ្យោបាយ (រថយន្ត និងម៉ូតូ បំពង សំឡេង ខុសប្រក្រតី ស៊ីមុំាងប្រែន) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

អាជ្ញាធរដដែលរូបនេះ បានបញ្ជាក់ទៀតថា ជាលទ្ធផល កម្លាំងអធិការដ្ឋាន បានធ្វើសកម្មភាពត្រួតពិនិត្យ បង្ក្រាបបានរថយន្ត និងម៉ូតូ ចំនួន២០គ្រឿង នៅក្នុងភូមិសាស្ត្រទាំង១១ សង្កាត់របស់ខណ្ឌដូនពេញ រួមមាន៖

១៖ ជុំវិញព្រះបរមរាជវាំង
២៖ តាមតំបន់ដែលមានស្ថានទូត និវេស្ថានជនបរទេស (កន្លែងជនបរទេសស្នាក់នៅ)
៣៖ ភូមិគ្រឹះថ្នាក់ដឹកនាំ
៤៖ គ្រឹះស្ថានអប់រំសិក្សា
៥៖ តំបន់រម្មនីយ៍ដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ
៦៖ សារមន្ទីរជាតិ
៧៖ តំបន់ទេសចរណ៍សប្បាយភាព
៨៖ តាមបណ្តោយផ្លូវសុរាម្រិត ដើមពោធិ៍បរមរូប វិមានឯករាជ្យ។

ក្នុងនោះ កម្លាំងនគរបាល បានយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាន ដើម្បីសុំគោលការណ៍ ដឹកនាំធ្វើការអប់រំ ណែនាំដល់ម្ចាស់យានយន្ត បញ្ឈប់ការប្រើប្រាស់មធ្យោបាយ ខុសប្រក្រតី។ ទិសដៅបន្ត កម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍ទាំង១១ បន្តការខិតខំដើម្បី ធ្វើការបង្ក្រាបជាប្រចាំ៕