(ភ្នំពេញ)៖ យោងតាមលទ្ធផល នៃការអង្កេតតាមដានគុណភាពខ្យល់ ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ នៅទូទាំងប្រទេស ស្ថានភាពគុណភាពខ្យល់ នៅរាជធានីភ្នំពេញ បានមានគុណភាពល្អប្រសើរឡើងវិញហើយ ដោយប៉ារ៉ាម៉ែត្រ កំហាប់ភាគល្អិតនិចល PM2.5 បានស្ថិតនៅក្រោមកម្រិតស្តង់ដារកំណត់។ ចំណែកស្ថានភាព គុណភាពខ្យល់ នៅតាមបណ្តាខេត្តនានា ក៏មានគុណភាពល្អផងដែរ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ឲ្យដឹងទៀតថា មន្ត្រីជំនាញក្រសួងបរិស្ថាន នៅតែតាមដានបន្តទៀត លើស្ថានភាពគុណភាពខ្យល់នេះ។ ប្រសិនបើមានអ្វីប្រែប្រួល ក្រសួងបរិស្ថាន នឹងជម្រាបជូនដំណឹងភ្លាមៗ។

សូមជម្រាបថា ដោយពិនិត្យឃើញបញ្ហា និងដើម្បីកែលម្អគុណភាពខ្យល់ នៅតាមរាជធានី-ខេត្ត នាពេលថ្មីៗនេះ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងដល់ មន្ទីរបរិស្ថានរាជធានីខេត្ត ត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោម ជាតិអនុវត្តវិធានការ មួយចំនួន រួមមាន៖

១៖ ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតសំរាមសំណល់រឹងនៅតាមទីចំហ ការឆេះនៅតាមទីលានចាក់សំរាម។
២៖ ត្រូវចាត់វិធានការទប់ស្កាត់ការហុយ ធូលីពីការដ្ឋានសំណង់ និងការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ។
៣៖ សម្អាតអនាម័យ នៅតាមដងផ្លូវ និងទីសាធារណៈ។
៤៖ ចុះអប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹងការដុតស្មៅ គល់ជញ្ជ្រាំង និងសំណល់កសិកម្មផ្សេងៗទៀត៕