(ភ្នំពេញ)៖ សមត្ថកិច្ចនគបាលព្រហ្មទណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនយុវសិស្សសាលាអន្តរទ្វីបអាមេរិកាំងម្នាក់ ទៅតុលាការ ករណីហិង្សាបណ្តាលឲ្យស្លាប់សិស្សដូចគ្នាម្នាក់ នៅខណ្ឌបឹងកេងកង។ នេះបើតាមការបញ្ជាក់ពីមន្ត្រី សាលាដំបូងរាជធានីភ្នំពេញមកអង្គភាពព័ត៌មាន Fresh News។

មន្ត្រីរូបនេះបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ន.ល.ស ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្សសាលា អន្តរទ្វីប អាមេរិកាំង (AIS) ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់តាមច្បាប់ ពាក់ពន្ធ័ករណីហិង្សាបណ្តាលស្លាប់យុវសិស្សដូចគ្នា។

គួរបញ្ជាក់ថា សិស្សសាលាអន្ដរទ្វីបអាមេរិកកាំង ២នាក់ បានវាយតប់គ្នាបណ្ដាលឲ្យភាគីម្ខាងស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើង នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ៤៣០ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយមិត្តភក្តិ បានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអារមេរិចកាំង ទៅជួបជាមួយជនសង្ស័យ នៅផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានណាត់គ្នាវ៉ៃគ្នាជាមួយជនសង្ស័យ ព្រោះពួកគេមានទំនាស់ជាមួយគ្នារឿងហៅអាមឹង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា បន្ទាប់ពីជួបគ្នាជនសង្ស័យបានវាយជនរងគ្រោះមួយដៃចំកណ្ដាលដើមទ្រូង ធ្វើឲ្យជនរងគ្រោះដួលម៉ូតូ ហើយភ្លាមនោះជនសង្ស័យបានជិះម៉ូតូម៉ាក Today គេចខ្លួនតែម្ដង។ បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភក្តិ ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្ដែគ្រូពេទ្យប្រាប់ថា បានស្លាប់បាត់ហើយ។

ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ ស.ស.វ អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ឃ នៅសាលាអន្តរទ្វីបអាមេរិកាំង ស្នាក់នៅផ្ទះលេខ៤៣០ ផ្លូវ២៤BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។ ដោយឡែក ជនសង្ស័យឈ្មោះ ន.ល.ស ជាសិស្សរៀននៅសាលាដូចគ្នា ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ៕