(ក្រចេះ)៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រមាណជាង ២ពាន់នាក់ នៃវិទ្យាល័យសិលាវេទី គាត ឈន់ ស្រុកឆ្លូង ខេត្តក្រចេះ បានចូលរួមក្នុងពិធីអប់រំសីលធម៌ ចរិយាធម៌ ព្រះពុទ្ធសាសនា។

ពិធីនេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពសម្តេចឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភាសង្ឃជាន់ខ្ពស់, សម្តេចព្រះពុទ្ធជ័យមុន្នី ឃឹម សន ជាព្រះមេគណរាជធានីភ្នំពេញ ក្រោមការផ្តួចផ្តើមពីលោកស្រី គាត កុលណី ឆាន់ សាផាន និងមានការចួលរូមពីលោក វ៉ា ថន អភិបាលខេត្ត និងមន្រ្តីរាជការគ្រប់អង្គភាពផងដែរ។

សម្ដេចឧត្ដមចរិយា បណ្ឌិត ឈឹង ប៊ុនឈា មានសង្ឈដីកាថា កម្មវិធីព្រះពុទ្ធសាសនានេះ មានសារៈសំខាន់ណាស់ដែលអាចជួយឲ្យសិស្សានុសិស្ស បានយល់ដឹងពីតម្លៃពិតនៃការរៀនសូត្រ និងដឹងគុណឪពុកម្តាយ។ តាមរយៈការអបរំតាមផ្លូវពុទ្ធសានានេះដែរ ក៏ជួយតម្រង់ទិសឲ្យសិស្សដែលបោះបង់ការសិក្សា ដោយប្រការផ្សេងៗ ដោយមិនដឹងខ្លួនដូចជា ការសេពគ្រឿងញៀន ឬល្បែងពាលាផ្សេងៗនោះ និងវិលមករកផ្លូវល្អ និងភ្ញាក់រលឹកចូលរៀនសូត្រវិញ ហើយចេះស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ស្គាល់គុណ ស្គាល់ទោស ស្គាល់ល្អ ស្គាល់អាក្រក់ និងចេះគោរពចាស់ទុំផងដែរ។

លោក វ៉ា ថន បានថ្លែងថា កម្មវិធីអប់រំសីលធម៌ ចរិយាធម៌ព្រះពុទ្ធសាសនានេះ បានរួមចំណែកជួយឲ្យសិស្សានុសិស្សនៃវិទ្យាល័យនៅក្នុងស្រុកឆ្លូង កាន់តែមានការយល់ដឹងអំពីអំពើល្អ អាចគេចផុតពីប្រើប្រាស់គ្រឿងញៀន ឬការប្រព្រឹត្តិខុសនានា ដែលនាំឲ្យវិនាសដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ជាពិសេសអាចតម្រង់ទិសរបស់ខ្លួន ក្នុងការរៀនសូត្រឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គម ឲ្យយល់កាន់តែយល់ច្បាស់ពីតម្លៃវប្បធម៌ជាតិខ្មែរ ដោយមិនមានការជ្រួលជ្រើម ពីអរិយធម៌ វប្បធម៌បរទេសឡើយ។

លោកស្រី គាត កុលណី ឆាន់ សាផាន បានលើកឡើងថា ការចូលរួមរបស់ក្មួយៗថ្ងៃនេះ ដែលបានមកស្ដាប់ទស្សនទានព្រះពុទ្ធសាសនាពេលនេះ ពិតជាមានតម្លៃណាស់ ដែលបានបញ្ជាក់ឲ្យច្បាស់ថា នេះជាចំណែកមួយជួយដល់សិស្សានុសិស្ស ឲ្យទទួលបាននូវការអប់រំមួយទៀត ខាងផ្នែកផ្លូវចិត្ត បន្ទាប់ពីអប់រំនៅសាលារៀនលើចំណេះដឹងទូទៅ ឲ្យប្រព្រឹត្តិអំពើល្អ ដែលជាកុសល ក្នុងផ្លូវដែលសង្គមត្រូវការ និងបានជៀសឆ្ងាយពីការយល់ខុសផ្សេងៗទៀត៕