(ភ្នំពេញ)៖​ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការឆ្មក់បង្ក្រាបក្រុមជួញដូរគ្រឿងញៀនដោយធ្វើការចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ និងដកហូតថ្នាំញៀនចំនួន៥៧កញ្ចប់, ម៉ូតូ៣គ្រឿង និងសម្ភារវត្ថុតាងមួយចំនួន។

ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ ចំណុចបន្ទប់ជួលលេខ៣ ផ្លូវលំ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

លោក ម៉ន វុធី អធិការដ្ឋានខណ្ឌពោធិសែនជ័យ ជនត្រូវឃាត់ខ្លួន ទី១៖ឈ្មោះ ចាន់ រិទ្ធី អាយុ៣១ឆ្នាំ មុខរបរលាងម៉ូតូ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ, ទី២៖ ឈ្មោះ ភឿន ទូច អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ជាម្ចាស់បន្ទប់ស្នាក់នៅកន្លែងខាងលើ មានស្រុកកំណើត ស្រុក រលៀប្អៀរ ខេត្តកំពង់ឆ្នាំង, ទី៣៖ ឈ្មោះ រឿន ថាវី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ជាប្រពន្ធម្ចាស់បន្ទប់ស្នាក់នៅបន្ទប់ខាងលើ មានស្រុកកំណើត ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី៤៖ ឈ្មោះ កង សុភ័ក្រ អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន៖ ថ្នាំញៀនចំនួន៥៧កញ្ចប់, ជញ្ជីងថ្លឹងថ្នាំ២, ម៉ូតូ៣គ្រឿង, ឧបករណ៍ជក់ និងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនមកទៅសាកសួរនៅផ្នែកជំនាញខណ្ឌពោធិសែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕