(ភ្នំពេញ)៖ កាលពីថ្មីៗនេះ មានរូបភាពមួយសន្លឹក ដែលគេបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក មានក្មេងតូចៗ៣នាក់ អង្គុយនៅលើរទះតូចមួយជាមួយសពឪពុករបស់ខ្លួន ខណៈពេលកំពុងដឹកសពនេះ យកទៅបូជា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានអារម្មណ៍ក្តុកក្តួល សឹងតែទប់ទឹកភ្នែកពុំជាប់។

ព្រមជាមួយគ្នានោះផងដែរ លោកវរសេនីយ៍ឯក គិត សុផល មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានលើកឡើងថា រូបថតក្នុងហ្វេសប៊ុកដែលមានក្មេងតូចៗ៣នាក់ អង្គុយនៅលើរទះតូចមួយជាមួយសពឪពុករបស់ខ្លួន គឺជារឿងកំសត់ពិតៗ ព្រោះបន្ទាប់ពីមានការចែកចាយរូបភាព ដ៏គួរឲ្យសង្វេគនេះ តាមបណ្តាញសង្គមហ្វេសប៊ុកមក។

លោកវរសេនីយ៍ឯក គិត សុផល បានទទួលការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះស្រាវជ្រាវ ពិនិត្យមើលជាក់ស្តែងរកឃើញថា រូបភាពនេះពិតជាមានក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ប្រាកដមែន ដោយក្មេងទាំង៣នាក់នោះគឺជាគ្រួសារក្រីក្រ ត្រូវម្តាយរត់ចោលរស់នៅជាមួយ ឪពុកឈ្មោះ លួង ពៅ អាយុ៤២ឆ្នាំ និងជីដូនចាស់ជរាឈ្មោះ ម៉ី ចាន់ឌី អាយុ៦២ឆ្នាំ នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជាអកុសលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឪពុករបស់ក្មេងទាំង៣ក៏ស្លាប់ចោល ធ្វើឲ្យពួកគេក្លាយជាក្មេងកំព្រាដ៏កំសត់ រស់នៅជាមួយជីដូនចាស់ជរាទុរគត់។

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក គិត សុផល ក៏បាននាំយកនូវអំណោយមួយចំនួនទៅប្រគល់ជូនក្មេងកំព្រា៣នាក់ ដោយអំណោយទាំងនោះរួមមាន៖ ថវិកាចំនួន៧០ម៉ឺនរៀល, អង្ករចំនួន០៣ការ៉ុង, ទឹកបរិសុទ្ធ០២កេស, ទឹកក្រូច០៣កេស, មីចំនួន០២កេស, ខោអាវក្មេង០៨កំប្លេ រួមជាមួយភួយចំនួន០៣៕