(ភ្នំពេញ)៖ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសន្តិសុខសាធារណៈ និងដើម្បីជំរុញការអភិវឌ្ឍប្រកបដោយសុវត្ថិភាពនៅប្រទេសកម្ពុជា ដោយមានការយកចិត្តទុកដាក់ផ្ទាល់ ពីថ្នាក់ដឹកនាំកម្ពុជា និងចិន និងការយកចិត្តទុកដាក់ និងការណែនាំដោយផ្ទាល់ពីថ្នាក់ជាន់ខ្ពស់ នៃភ្នាក់ងារអនុវត្តច្បាប់រវាងកម្ពុជា និងចិនឈរលើមូលដ្ឋានគោរពគ្នា នូវអធិបតេយ្យភាពតុលាការ និងច្បាប់បទបញ្ញាទាំងស្រុង បុគ្គលិកភាគីចិននៃការិយាល័យសម្របសម្រួល សម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា និងចិន ដែលបានចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី១០ ខែសីហា បានពឹងផ្អែកលើភ្នាក់ងារអនុវត្តច្បាប់កម្ពុជានិងចិន ធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពេញទំហឹង ជាមួយនគរបាលជាតិកម្ពុជា ខិតខំប្រឹងប្រែងកម្ចាត់ និងប្រើប្រាស់វិធីសាស្រ្តគ្រប់ប្រភេទ បន្តប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដ៏លេចធ្លោ ដូចជាការឆរបោកតាមប្រពន្ធ័ទូរគមនាគមន៍ ការលេងល្បែងភ្នាល់អនឡាញ បទល្មើសពាក់ព័ន្ធនឹងសង្គមខ្មៅងងឹត ការចាប់ជំរិតទារប្រាក់ -ល- ដើម្បីជំរុញជាបន្តបន្ទាប់ និងទទួលបានលទ្ធផលដ៏ល្អប្រសើរ។ 

រហូតមកដល់បច្ចុប្បន្ននេះ ការិយាល័យនេះបានសម្របសម្រួល ស៊ើបអង្កេត និងបង្រ្កាបករណីឧក្រិដ្ឋកម្មឆ្លងដែនប្រភេទផ្សេងៗជាង ៥០ ហើយបានចាប់មុខសញ្ញាជាង ៦៤០នាក់នៅប្រទេសកម្ពុជា និងបានធ្វើមាតុភូមិនិវត្តន៍មុខសញ្ញា និងអប់រំឱ្យត្រឡប់ទៅប្រទេសចិនវិញជាង ៤២០នាក់។ ជាពិសេសក្រោមការសម្របសម្រួលរួមពីការិយាល័យ និងមន្រ្តីទំនាក់ទំនងកិច្ចការនគរបាលចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នគរបាលកម្ពុជាបានជួយដល់ក្រុមការងារជំនាញ ដែលបានមកពីក្រុងឆុងឈីងនៃប្រទេសចិន ក្នុងការចុះបង្ក្រាបករណីចាប់ជំរិត និងឃាត់ខ្លួនជនសង្ស័យជាង ២០នាក់នៅក្រុងព្រះសីហនុ ដោយជោគជ័យ ហើយក្នុងពេលតែមួយជនសង្ស័យពាក់ព័ន្ធជាច្រើននាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិន មុនបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២០។

កាលពីដើមខែសីហាឆ្នាំមុន លោក លីវ ជីងរ៉ុង ប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណៈចិន បានដឹកនាំគណៈប្រតិភូមកប្រទេសកម្ពុជា បានជួបពិភាក្សាជាមួយ មន្ត្រីអនុវត្តច្បាប់ជាន់ខ្ពស់របស់ប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញនូវកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់ជាមួយប្រទេសកម្ពុជា និងពិភាក្សានិងផ្លាស់ប្តូរមតិយោបល់ ពាក់ព័ន្ធនឹងកិច្ចការដែលទ្វេភាគីយកចិត្តទុកដាក់។ ទីបំផុតរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្ត បិទល្បែងតាមប្រព័ន្ធអនឡាញ ហើយបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ជាមួយប្រទេសចិន និងរួមគ្នាបង្ក្រាបករណីពាក់ព័ន្ធនឹងជនជាតិចិន។

ចាប់តាំងពីសារាចរណ៍បិទល្បែងអនឡាញ ត្រូវបានចេញផ្សាយជាសាធារណៈ ភ្នាក់ងារអនុវត្តច្បាប់កម្ពុជា-ចិនទទួលបានលទ្ធផលជាផ្លែផ្កា គួរឱ្យកត់សម្គាល់ជាងកាលពីមុន ក្នុងការបង្ក្រាបបទល្មើសល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ។ ក្រៅពីនេះ ការិយាល័យសម្របសម្រួល បានបង្កើតនូវយន្តការបង្រ្កាបករណីចាប់ជំរិតទារប្រាក់ យ៉ាងឆាប់រហ័សជាមួយ នគរបាលជាតិកម្ពុជា និងក្រុមហ៊ុនសន្តិសុខចិនប្រចាំនៅកម្ពុជា ដើម្បីជូនដំណឹងស្តីពីករណីចាប់ជំរិតទារប្រាក់ ដែលបានប្តឹងពីសាធារណជនជូន អង្គភាពសមត្ថកិច្ចពាក់ព័ន្ធទាន់ពេលវេលា និងបង្រ្កាបដោយមានប្រសិទ្ធភាពខ្ពស់។

រហូតមកដល់ពេលនេះ ការិយាល័យបានជួយសង្គ្រោះជនជាតិចិនចំនួន ១៥នាក់ ដែលត្រួវបានចាប់ជំរិតទារប្រាក់។ ជាពិសេសចាប់តាំងពីដើមខែមករា ឆ្នាំ២០២០ ប្រទេសកម្ពុជា និងចិនបានបង្ក្រាបយ៉ាងខ្លាំង ចំពោះក្រុមឧក្រិដ្ឋជនចាប់ជំរិតជនជាតិចិន ខុសច្បាប់នៅក្រុងព្រះសីហនុ ដើម្បីផ្លាស់ប្តូរស្ថានភាពចាប់ជំរិតពលរដ្ឋចិន នៅប្រទេសកម្ពុជា ដែលទទួលបានកោតសរសើរជាឯកច្ឆន្ទ ពីសហគ្រាស និងក្រុមហ៊ុនចិន ជនជាតិចិននៅប្រទេសកម្ពុជា មតិសាធារណៈ និងសមភាគីអនុវត្តច្បាប់កម្ពុជា។

ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព និងច្បាប់គ្នាទៅវិញទៅមក ក្នុងស្មារតីទទួលខុសត្រូវ ការិយាល័យសម្របសម្រួលនឹងបន្តជំរុញនូវកិច្ចការផ្សេងៗ ពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យអនុវត្តច្បាប់ បង្ក្រាបអំពើខុសច្បាប់ និងការពារភាពស្របច្បាប់។ ជាងនេះទៅទៀត ការិយាល័យសម្របសម្រួលនឹងប្រកាន់ខ្ជាប់នូវគំនិត “សុវត្ថិភាពជំរុញការរីកចំរើន” ខិតខំប្រឹងប្រែងបង្កើតនូវលទ្ធផល នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ កម្ពុជា-ចិនជាច្រើនទៀត ក្នុងគោលបំណងបង្កើតនូវបរិយាកាស ប្រកបដោយភាពសុខដុម និងការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម សម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ និងធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរ កាន់តែមានសន្តិសុខ និងសុវត្ថិភាព៕