(ភ្នំពេញ)៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះថា ស្ថានភាពនិស្សិតខ្មែរទាំង២៣រូប នៅក្រុងវូហាន់ ខេត្តហ៊ូប៉េ ប្រទេសចិន មានសុខភាពធម្មតាទេ។

ការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងការបរទេស បានធ្វើឡើងតាមសំណួរ Fresh News ខណៈដែលក្រុងវូហាន់ ខេត្តហ៊ូប៉េ ប្រទេសចិន កំពុងប្រឈមនឹងជំងឺផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា (corona)។

ពាក់ព័ន្ធនឹងសុខភាពនិស្សិតខ្មែរនេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តឆុងឈីង ដែលនៅជិតនឹងខេត្តហ៊ូប៉េ បានទំនាក់ទំនងជាប្រចាំជាមួយមន្ទីរការបរទេស ខេត្តហ៊ូប៉េ និងសាលា ស្នើសុំជួយសហការថែទាំ និងផ្គត់ផ្គង់ចំណីអាហារ ដល់និស្សិតកម្ពុជា។ អាជ្ញាធរខេត្តហ៊ូប៉េ បានឆ្លើយតប នឹងបន្តជួយឱ្យអស់ពីលទ្ធភាព ដែល អាចធ្វើបាន។ នេះបើតាម លោក កុយ គួង។

លោកបន្តថា ជាមួយគ្នានេះ ពាក់ព័ន្ធនឹងករណីខាងលើនេះ ស្ថានទូត និងស្ថានអគ្គកុងស៊ុលខ្មែរប្រចាំប្រទេសចិន ក៏បានទាក់ទង និងសួរសុខទុក្ខពលរដ្ឋខ្មែរជាប្រចាំ និងត្រៀមផ្តល់ជំនួយគ្រប់ពេលវេលាផងដែរ។

យោងតាមសារព័ត៌មានរបស់ចិន បានចេញផ្សាយនៅមុននេះបន្តិចនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះថា វិរុសផ្លូវដង្ហើមប្រភេទថ្មីនេះ បានសម្លាប់មនុស្សកើនដល់៨០នាក់ហើយ ចំណែកអ្នកឆ្លងវីរុសដ៏សាហាវនេះនៅប្រទេសចិន បានកើនឡើងរហូតដល់ ២៧៦១នាក់ ខណៈប្រមាណ ៣៧ករណីផ្សេងទៀត នៅតាមបណ្តាប្រទេសមួយចំនួន។

ខាងក្រោមជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតនៅចិន ព្រមទាំងចំនួនអ្នកឆ្លងនៅទូទាំងពិភពលោក៖

១៖ ប្រទេសចិន៖ ឆ្លង ២,៧៤៤នាក់ ក្នុងនោះស្លាប់ ៨០នាក់
២៖ ថៃ៖ ០៨ករណី
៣៖ អូស្ត្រាលី៖ ០៤ករណី
៤៖ បារាំង៖ ០៣ករណី
៥៖ ជប៉ុន៖ ០៤ករណី
៦៖ ម៉ាឡេស៊ី៖ ០៤ករណី
៧៖ សិង្ហបុរី៖ ០៤ករណី
៨៖ កូរ៉េខាងត្បូង៖ ០៣ករណី
៩៖ សហរដ្ឋអាមេរិក៖ ០៥ករណី
១០៖ វៀតណាម៖ ០២ករណី
១១៖ នេប៉ាល់៖ ០១ករណី
១២៖ កាណាដា ០១ករណី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) ទាំងអស់គ្នា ខណៈដែលជំងឺកាចសាហាវនេះ បានរាតត្បាតដល់ប្រទេសមួយចំនួន ប៉ុន្តែមិនទាន់មានមកដល់ប្រទេសកម្ពុជានៅឡើយទេ៕