(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលនឹងធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងវិរុសផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណា ដែលកំពុងរីករាលដាលជុំវិញពិភពលោក។

ទូរទស្សន៍ព័ត៌មាន Fresh News នឹងធ្វើការផ្សាយផ្ទាល់ពីសន្និសីទសារព័ត៌មាននេះពីទីស្តីការក្រសួងសុខាភិបាល។

សូមជំរាបថា គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ វិរុសផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណា បានសម្លាប់មនុស្ស៨១នាក់ហើយ ចំណែកអ្នកឆ្លងនៅប្រទេសចិន បានកើនឡើងរហូតដល់២៧៦១នាក់ ខណៈប្រមាណ៣៧ករណីផ្សេងទៀត នៅតាមបណ្តាប្រទេសមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) ខណៈដែលជំងឺកាចសាហាវនេះបានរាតត្បាតដល់ប្រទេសមួយចំនួន ប៉ុន្តែមិនទាន់មានមកដល់ប្រទេសកម្ពុជានៅឡើយទេ៕