(ស្វាយរៀង)៖ លោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមប្រជុំពិភាក្សា ពាក់ព័ន្ធនិងការដាក់ម៉ាស៊ីនស្គេនកម្ដៅ សម្រាប់អ្នកដំណើរឆ្លងកាត់ ឲ្យបានត្រឹមត្រូវ តាមស្ដង់ដារ និងកែសម្រួលទីតាំងបំពាក់ម៉ាស៊ីនស្គេន ដើម្បីតាមដាន និងការពារការឆ្លង វិរុសផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណា (Virus Corona) និងបានអញ្ជើញចុះត្រួតពិនិត្យ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ ព្រំដែនអន្តរជាតិបាវិត។

ក្នុងនោះ ក៏មានការចូលរួម ពីលោកអភិបាលរងក្រុងបាវិត និងជាប្រធានទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកនាយករងប៉ុស្ដិ៍អន្តោប្រវេនស៍ លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានសាខាគយ និងរដ្ឋាករខេត្តផងដែរ។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានបញ្ជាក់ថា កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការ ប្តូរទីតាំងស្គេនទៅពីមុខវិញ ឲ្យចំកន្លែងអ្នកទេសចរចូលមក ដើម្បីធ្វើការស្គេន ហើយទើបអនុញ្ញាតឲ្យចូលបោះត្រា ចូលមកស្រុកខ្មែរ និងពង្រឹងយកចិត្តទុកដាក់ ចំពោះវិរុសកូរូណា បើមានការសង្ស័យ ត្រូវបញ្ជូនទៅពិនិត្យភ្លាមៗផងដែរ។

សូមបញ្ជាក់ថាថ្មីៗនេះ ត្រូវបានគេ Share តៗគ្នា ពីម្នាក់ ទៅម្នាក់ទៀត នៅក្នុងប្រអប់់បញ្ជូនសារ នៃទំព័រទំនាក់ទំនងសង្គមអេឡិចត្រូនិច (Messenger Facebook) ស្តីអំពីវត្តមានអ្នកជំងឺឆ្លងថ្មី ផ្តាសាយរលាកសួត នៅមន្ទីរពេទ្យរុស្ស៊ី។ ចំពោះករណីនេះ ក្រសួងសុខាភិបាល បានអះអាងជាថ្មីថា នៅកម្ពុជាកុំថាឡើយមានកើតករណី កូរ៉ូណា វីរុស ដែលជាប្រភេទមេរោគជំងឺឆ្លងផ្លូវដង្ហើមថ្មី សូម្បីតែការតាមដានដោយប្រុងប្រយ័ត្ន រករោគសញ្ញាសង្ស័យ ក៏ពុំទាន់ជួបប្រទះបញ្ហានៅឡើយនោះទេ៕