(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ទូទាំងប្រទេស នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១-២៣ ខែឧសភា ឆ្នាំ២០២០ ហើយ គ.ជ.ប បានកំណត់អាយុ១៨ឆ្នាំ ត្រូវគិតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

ការបញ្ជាក់បែបនេះត្រូវបានធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលប្រធាន និងអនុប្រធានលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានអ្នកចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅទីស្តីការ គ.ជ.ប ក្រោមវត្តមាន លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។

លោក ទេព នីថា បានឱ្យដឹងថា ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានអ្នកចុះឈ្មោះបោះឆ្នោត គឺជាការអនុវត្តការងាររៀបចំត្រៀមបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែល គ.ជ.ប តែងតែធ្វើជាទៀងទាត់ ដោយមានកិច្ចសហការអនុវត្តផ្ទាល់ពីអាជ្ញាធរឃុំ-សង្កាត់ និងការសម្របសម្រួលពីអាជ្ញាធររាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ។

លោកបានបន្ថែមថា ការងាររៀបចំត្រៀមនេះ គឺជាមុខងារជាភ្នាក់ងាររបស់ឃុំ-សង្កាត់ ដែលឃុំ-សង្កាត់មានតួនាទីត្រូវអនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធី សេចក្តីណែនាំរួមរវាង គ.ជ.ប និងក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីផ្តល់ការគាំទ្រដល់ គ.ជ.ប ក្នុងការងាររៀបចំបញ្ជីបោះឆ្នោត ដែលធានាបាននូវភាពត្រឹមត្រូវពេញលេញ និងមានបច្ចុប្បន្នភាព។

លោកបានគូសបញ្ជាក់បន្ថែមថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើង ក្នុងការងារស្រង់ស្ថិតិប្រជាពលរដ្ឋតាមឃុំ-សង្កាត់ សម្រាប់បម្រើឱ្យគោលដៅនៃការអនុវត្តផែនការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំរបស់ គ.ជ.ប ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។

ទន្ទឹមនឹងការងារស្រង់ស្ថិតិនេះ លធ.ខប មានភារកិច្ចមួយទៀត គឺការចែកលិខិតអញ្ជើញអ្នកបោះឆ្នោត ដែលប្រើប្រាស់ទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទចាស់ (ហួសសុពលភាព) និងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើការចុះឈ្មោះបោះឆ្នោត ឱ្យមកធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតជាមួយក្រុមចុះឈ្មោះបោះឆ្នោត និងការចែកលិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទូទៅអំពីទិន្នន័យផ្សេងៗក្នុងបញ្ជីបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋទាំងនោះងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវក្នុងករណីមានកំហុសឆ្គង ដែលការងារនេះក៏ត្រូវមានការចូលរួមសហការអនុវត្តផ្ទាល់ដោយមេភូមិ និងអាជ្ញាធរឃុំ-សង្កាត់។

ជាមួយគ្នានោះ លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានឱ្យដឹងដែរថា «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ទូទាំងប្រទេស នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១-២៣ ខែឧសភា ឆ្នាំ២០២០ ហើយ គ.ជ.ប បានកំណត់អាយុ១៨ឆ្នាំ ត្រូវគិតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មានន័យថា កើតមុន ឬត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០០២»

សូមជម្រាបជូនថា កម្មវិធីបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយមានការចូលរួមពីប្រធាន និងអនុប្រធាន លធ.ខប ទាំង ២៥ រាជធានី-ខេត្តសរុបចំនួន ៧២នាក់៕