(កោះកុង)៖ លោក ផូ ប៊ុនធឿន នាយកសាលាវិទ្យាល័យកោះកុង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បានចែកម៉ាស់ជូនសិស្សានុសិស្សចំនួន ១៦០០នាក់ ដើម្បីការពារជំងឺឆ្លងរលាកសួត វីរុសកូរ៉ូណាថ្មី ។

លោក ផូប៊ុន ធឿន បានឲ្យដឹងថា ដោយមានការព្រួយបារម្មណ៍របស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងអប់រំ និងមានការចង្អុលបង្ហាញពីអាជ្ញាធរខេត្ត លោក និងលោកគ្រូ អ្នកគ្រូ បានចែកម៉ាស់ចំនួន ១៦០០ម៉ាស់ ដល់សិស្សានុសិស្សដែលមកសិក្សានៅវិទ្យាល័យកោះកុង ហើយបានណែនាំពន្យល់ដល់សិស្សទាំងអស់ឲ្យចេះការពារ ចេះអនាម័យខ្លួនឯង ដើម្បីការពារជំងឺឆ្លងរលាក់សួត វីរុសកូរ៉ូណាថ្មី។

លោកបានអំពាវនាវ ឲ្យប្អូនៗត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តន៍ទៅតាមការណែនាំរបស់លោកគ្រូពេទ្យ។ លោកនាយកបានបន្តថា រាល់ថ្ងៃដល់ម៉ោងគោរពទង់ជាតិ លោកតែងតែក្រើនរម្លឹក និងអបរំជាប្រចាំ ហើយណែនាំដល់ថ្នាក់រៀនបន្ថែមទៀតផងដែរ ហើយបានណែនាំដល់សិស្សានុសិស្សទាំងអស់ បើមានលក្ខណៈសង្ស័យក្នុងខ្លួនប្អូនៗ ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើការត្រួតពិនិត្យពិគ្រោះយោបល់ពីក្រុមគ្រូពេទ្យ ដោយមិនត្រូវនៅហែរអង់ឡើយ។

លោកនាយក បានបញ្ជាក់ថា នៅក្នុងបរិវេនសាលារៀនមានធុងទឹកស្អាត១ ដោយដាក់ទឹកពេញ និងមានសាប៉ូសាលាទុកសម្រាប់សិស្សានុសិស្សលាងដៃមុនហូបចំណីអាហារ ឬអាហាររួចលាងដៃនៅទីនេះ ហើយចំពោះបញ្ហាធុងទឹកស្អាត លោកនឹងមានគម្រោងដាក់បន្ថែមទៀត៕