(ស្ទឹងត្រែង)៖ ចាប់តាំងថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២០ កម្លាំងចម្រុះខេត្តស្ទឹងត្រែង ក្រោមការដឹកនាំពីតំណាងអយ្យការ បានចុះតាមរោងសិប្បកម្មកែច្នៃឈើមួយចំនួន នៅក្នុងក្រុងស្ទឹងត្រែង ដែលរោងសិប្បកម្មទាំងនោះ មិនទាន់បានធ្វើលិខិតស្នាមឲ្យបានត្រឹមត្រូវដើម្បីធ្វើអាជីវកម្មនៅឡើយទេ។

ប្រតិបត្តិការខាងលើ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត និងជាប្រធានក្រុមបង្ក្រាបបទល្មើសធនធានធម្មជាតិ ផលអនុផលព្រៃឈើ ថ្នាក់ខេត្ត បានដឹកនាំកម្លាំងដោយផ្ទាល់ រួមទាំងកម្លាំងអធិការនគរបាលក្រុង កម្លាំងបរិស្ថាន និងជំនាញរដ្ឋបាលព្រៃឈើផងដែរ បានចុះត្រួតពិនិត្យតាមរោងសិប្បកម្មបានចំនួន ២កន្លែង និងផ្ទះមួយកន្លែងឈ្មោះ «ចែពៅ» ដែលជាកន្លែងស្តុកឈើសម្រាប់នាំចេញយកមកលក់ឲ្យរោងសិប្បកម្មផ្សេងៗនៅក្នុងខេត្ត។

លោកឧត្តមសេនីយ៍ បានឲ្យដឹងថា ក្នុងនាមប្រធានគណ:កម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើថ្នាក់ខេត្ត លោកនឹងបន្តដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យជាបន្តបន្ទាប់ទៀត តាមរោងសិប្បកម្មនានា ដែលសង្ស័យថា មិនមានច្បាប់អនុញ្ញាត។ ករណីបង្ក្រាបនេះដែរ លោកនឹងរកឲ្យឃើញចំពោះមូលហេតុ ដែលម្ចាស់សិប្បកម្មកែច្នៃឈើទាំងនោះ មិនព្រមទៅធ្វើច្បាប់ ជាពិសេសលោកឧត្តមសេនីយ៍ បានជំរុញឲ្យជំនាញរដ្ឋបាលព្រៃឈើធ្វើកំណត់ហេតុឲ្យបានច្បាស់លាស់ ដើម្បីបន្តនីតិវិធីទៅកាន់តុលាការ។

ករណីចុះត្រួតពិនិត្យតាមរោងសិប្បកម្មកែច្នៃឈើនេះ គឺជាលើកទីពីរហើយ បន្ទាប់ពីយុទ្ធាការក្តៅលើកទីមួយ កាលពីឆ្នាំ២០១៩កន្លងទៅថ្មីៗ។

បន្ទាប់ពីយុទ្ធការក្តៅលើកទីមួយកាលពីឆ្នាំ២០១៩ បានបញ្ចប់ទៅ សិប្បកម្មកែច្នៃឈើលួចលាក់ជាច្រើនកន្លែង ត្រូវបានកក្រើកឡើងវិញ ខ្លះលួចពួនធ្វើក្នុងព្រៃ ខ្លះនៅកន្លៃងស្ងាត់ ដើម្បីបិតបាំងភ្នែកសមត្ថកិច្ច ដែលសិប្បកម្មទាំងនោះ កែច្នៃជាទ្វារ បង្អួច តុ កៅអី និងគ្រែជាដើមតាមការកាម៉ង់បញ្ជាទិញពីក្រុមឈ្មួញ។

សូមរំលឹកថា ការចុះត្រួតពិនិត្យតាមរោងសិប្បកម្មកែច្នៃឈើលើកនេះ គឺជាកន្លែងចាស់ដ៏ដែលៗ បានចុះបង្ក្រាបកាលពីលើកមុន ប៉ុន្តែពួកគាត់នៅតែមិនរៀងចាល នៅតែលួចធ្វើដ៏ដែល៕