(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ម្តងទៀតថា កម្ពុជាមិនឱ្យបរទេសណាមកដឹកច្រមុះឡើយ ហើយក៏មិនយកអធិបតេយ្យជាតិ ទៅដូរនឹងការអនុគ្រោះ ឬជំនួយណាទាំងអស់។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងមុនពេល សហភាពអឺរ៉ុបធ្វើសេចក្តីសម្រេចចិត្តមួយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ថាត្រូវដកការអនុគ្រោះពន្ធរបស់កម្ពុជា ជាបណ្តោះអាសន្ន ឬយ៉ាងណា។

ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំនៅតែបន្តនិយាយថា មិនឱ្យនរណាមកដឹកច្រមុះរបស់យើង ហើយក៏មិនត្រូវយកអធិបតេយ្យជាតិរបស់យើង ទៅដោះដូរជាមួយនឹងការអនុគ្រោះ ឬជំនួយណាទាំងអស់»

សហភាពអឺរ៉ុប បានប្រកាសកាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ អំពីការចាប់ផ្តើមដំណើរការនីតិវិធី ដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ពីប្រទេសកម្ពុជា។ ជាមួយនឹងការប្រកាសដំណើរការនីតិវិធីនេះ សហភាពអឺរ៉ុប ដាក់លក្ខខណ្ឌឱ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រសើរឡើងវិញនូវស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយសំដៅលើការទាមទារ ឱ្យទម្លាក់ការចោទប្រកាន់លើអ្នកល្មើសច្បាប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងពិធីបិទសន្និបាតទៀតថា៖ «គ្មានតម្លៃទេ ពិតជាគ្មានតម្លៃហើយវាថោកទាបទៀតផង ប្រសិនបើច្បាប់របស់យើងមិនអាចអនុវត្តបាន ហើយតម្រូវឱ្យធ្វើទៅតាមការបង្ខិតបង្ខំរបស់អ្នកដទៃ តើយើងជាប្រទេសមានឯករាជ្យ និងអធិបតេយ្យទេ?»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកដល់មន្រ្តីការទូតទាំងអស់ផងដែរ អំពីភាពលំបាករបស់កម្ពុជា ក្រោយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ហើយខិតខំស្តារប្រទេសជាបន្តបន្ទាប់ រហូតមកដល់ពេលបច្ចុប្បន្ននេះ ជាពិសេសការស្តារទំនាក់ទំនងការទូតជាមួយប្រទេសផ្សេងៗ។

សម្តេចតេជោបានថ្លែងថា ជំនាន់មុននោះ កម្ពុជាមានការហ៊ុព័ទ្ធសេដ្ឋកិច្ចគ្រប់ទិស នៅសល់តែសហភាពសូវៀត និងអឺរ៉ុបខាងកើត បូកជាមួយវៀតណាម ឡាវ និងឥណ្ឌា ដែលផ្តល់នូវការគាំទ្រ សម្រាប់កម្ពុជារស់រានមានជីវិត។ ប៉ុន្តែឥឡូវនេះ យើងមានមិត្តភក្តិច្រើន ដៃគូច្រើនដែលរកស៊ីជាមួយគ្នា។

បើតាម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺរហូតមកដល់ពេលនេះ កម្ពុជាមានទំនាក់ទំនងការទូត ជាមួយប្រទេសចំនួន១៧៤ នៅលើពិភពលោក៕