(តាកែវ)៖ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវទៅដល់អាជ្ញាធរមូលដ្ឋាន ពិសេសមេភូមិ ត្រូវធ្វើការបំផុស ក៏ដូចជាលើកទឹកចិត្ត ទៅដល់យុវជន ដែលបោះបង់ចោលការសិក្សា ឲ្យសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនតាកែវ។

ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ពេជ្រ សោភ័ន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយក និងនាយករង នៃវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនតាកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

លោកបណ្ឌិត ពេជ សោភ័ន បានលើកឡើងថា ការសិក្សាជំនាញបច្ចេកទេស គឺកំពុងតែមានតម្រូវការទីផ្សារខ្ពស់ នៅក្នុងប្រទេសកម្ពុជា និងទទួលបានប្រាក់ចំណូលខ្ពស់ផងដែរ ដូច្នោះ សូមអាជ្ញាធរពិសេស អភិបាលស្រុក មេភូមិ សូមពិចារណា ដើម្បីជំរុញចលនាឲ្យយុវជន ក្នុងភូមិឃុំ ដែលគ្នាក្រីក្រ ដែលគ្នា មិនមានឱកាសសិក្សា ឬបោះបង់ចោលការសិក្សា ដើម្បីទទួលបានការបណ្តុះបណ្តាលវគ្គខ្លីក្តី វែងក្តី លើជំនាញបច្ចេកទេស ឬហៅថា ជំនាញរូបិយបត្រសកល មានន័យថា ជំនាញនេះ បើយើងចេះពិតប្រាកហើយ ទោះយើងអត់ប្រាក់ខ្មែរ ឬប្រាក់ដុល្លារក៏ដោយ ក៏យើងមានប្រាក់សម្រាប់ចាយវាយផងដែរ ព្រោះតែមានជំនាញបច្ចេកទេសនេះ។

មន្ដ្រីជាន់ខ្ពស់ក្រសួងការងារ រូបនេះ បានបន្ថែមទៀតថា ក្មួយៗ ដែលមិនទាន់មានការងារធ្វើ ឬក៏មិនទាន់មានបច្ចេកទេស ត្រូវតែគិតឡើងវិញ ហើយចាប់យកជំនាញបច្ចេកទេសនេះឲ្យជាប់ ព្រោះជំនាញបច្ចេកទេសនេះ គឺជាជំនាញរកប្រាក់បានច្រើន និងមានតម្រូវការទីផ្សារធំផងដែរ ហើយទៅអនាគតនឹងកាន់តែត្រូវប៉ាន់ ។

បើតាមលោកបណ្ឌិត ពេជ សោភ័ន ការសិក្សាឲ្យមកសិក្សារៀនសូត្រ ជំនាញបច្ចេកទេសនេះ ឲ្យកាន់តែច្រើន ហើយយុវជនយើងមានជំនាញ បច្ចេកទេសនេះកាន់តែច្រើន នឹងក្លាយជាធនធានមនុស្សក្នុងសង្គម នោះសង្គមជាតិរបស់យើង ក៏កាន់តែអភិវឌ្ឍន៍រីកចម្រើនឆាប់រហ័សផងដែរ។

លោកបណ្ឌិត បានបន្ថែមថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺសំដៅទៅលើការអភិវឌ្ឍន៍ធនធានមនុស្ស ជាជំហានដំបូង ពីព្រោះប្រទេសដែលសម្បូរ ទៅដោយធនធានមនុស្ស ដែលមានសមត្ថភាព គឺជាប្រទេសមួយ ដែលមានសក្តានុពលខ្លាំង និងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សបំផុត។

ក្នុងនោះ លោកបណ្ឌិត ពេជ សោភ័ន ក៏បានណែនាំឲ្យសិស្សនិសិ្សត ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា ព្រោះនៅពេលក្មួយៗ មានជំនាញពិតប្រាកដច្បាស់លាស់ ក្មួយៗនឹងក្លាយខ្លួនទៅជារូបិយប័ណ្ណ ដែលចាយមិនចេះអស់ ហើយប្រទេសជាតិរបស់យើង និងចាកចេញឆ្ងាយពីភាពក្រីក្រ ដែលធ្វើឲ្យប្រទេសរបស់យើង នឹងក្លាយខ្លួនជាប្រទេសមួយ ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាថ្ងៃខាងមុខជាក់ជាមិនខាន។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីប្រកាសតែងតាំង លោក ធូ សុភាព ជានាយកវិទ្យាស្ថាន ពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ជំនួសលោក ប៉ាន់ ណូរ៉ា ដែលត្រូវបានចូលនិវត្តន៍ និងផ្ទេរមុខតំណែង មកជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិញ៕