(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នគរបាលខណ្ឌជ្រោយចង្វារ, ខណ្ឌចំការមន និងខណ្ឌសែនសុខ បានបើកប្រតិបត្ដិការរួមគ្នាបង្ក្រាបករណីចោរលួចរថយន្ដ នៅខណ្ឌជ្រោយចង្វារ ដោយចាប់ខ្លួនបានជនសង្ស័យម្នាក់។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ដោយចាប់ខ្លួនបានជនសង្ស័យនៅចំណុចផ្ទះសំណាក់ មុន្នីពេជ្រ បន្ទប់លេខ១០១ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ក្រោយជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចរថយន្ដមួយគ្រឿង ម៉ាក Lexus RX330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BC-8965 នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ196H ផ្លូវ6A ក្រុមទី១៨ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យដែលបង្ក្រាបបានឈ្មោះ ផាន ឌីណា ហៅទី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខុនដូរបាលី២ (ជិតកោះពេជ្រ) បន្ទប់លេខA6 ជាន់ទី១៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សម្ភារដកហូតបានរួមមាន រថយន្តមួយគ្រឿងម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BC-8965, លុយ៥,០០០ដុល្លារ, លុយខ្មែរ១៨០,០០០រៀល, គ្រឿងអលង្ការ (ជញ្ជៀនមួយវង្ស, ខ្សែកមួយខ្សែ, ក្រវិលមួយគូ) និងសម្ភារសម្រាប់ធ្វើសកម្មភាពមួយចំនួន។

ជនសង្ស័យបានឆ្លើយសារភាពថា រយៈកាលកន្លងម កខ្លួនធ្លាប់បានសកម្មភាពលួចមានស្ថានទម្ងន់ទោស ចំនួន៥លើក៖

*លើកទី១៖ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ចូលលួចនៅផ្ទះពេទ្យ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (មិនបានសម្រេច)
*លើកទី២៖ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ចូលលួចផ្ទះបើកលក់សាំង និង Wing (រើកកាយក្នុងបន្ទប់តែពុំមានសម្ភារលុយកាក់ទេ)
*លើកទី៣៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅទីរួមខេត្តស្វាយរៀង ផ្ទះបើកលក់សាំង លួចបានគ្រឿងអលង្ការ, ទូរស័ព្ទដៃ, ប្រាក់រៀល, ប្រាក់ដុល្លារមួយចំនួន
*លើកទី៤៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានចូលកាត់ទ្វាររបងស័ង្កសី លូនចូលលួចយករថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BC-8965
*លើកទី៥៖ ក្នុងខែមករា ឆ្នាំ២០២០ ចូលលួចនៅចំណុចព្រែកលៀប ផ្លូវ6A ផ្ទះបើក Wing មានការ៉ាស់សាំង PTT (មិនបានសម្រេច ដោយសារម្ចាស់ផ្ទះភ្ញាក់ទាន់រត់គេចខ្លួន)។

សូមជម្រាបថា សម្ភារដែលបានដកហូតពីជនសង្ស័យ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ ដោយមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ចូនទៅតុលាការ៕