(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូក សរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយកប្រធានបទធំៗចំនួន៣ មកធ្វើការវិភាគ វាយតម្លៃ និងណែនាំដល់មន្ដ្រីរាជរដ្ឋាភិបាល។

*ទី១៖ អំពីពិភពលោកយើង៖

ជាច្រើនឆ្នាំមកហើយ យើងបានរស់នៅក្នុងពិភពលោកមួយ ដែលកំពុងមានការប្រែប្រួលយ៉ាងជ្រាលជ្រៅ និងស្មុគស្មាញ ជាពិភពលោកមួយដែលកំពុងស្ថិត ក្នុងដំណាក់កាលអន្តរកាល ឆ្ពោះទៅរកប្រព័ន្ធពហុប៉ូលដ៏សាំញាំ ដែលក្នុងនោះតួអង្គចាស់-ថ្មី រដ្ឋ និងមិនមែនរដ្ឋ កំពុងប្រកួតប្រជែងយ៉ាងតានតឹងដើម្បីគ្រប់គ្រង ចាត់ចែង និងដោះស្រាយកិច្ចការ នៃភពផែនដី។

ជាពិភពលោកដែលមានការប្រទង់ប្រទាញ ដោយការប្រកួតតតាំងគ្នារវាងមហាអំណាចធំៗ ដែលបានប្តូរភាពជាដៃគូពីមុន មកជាការប្រជែង និងការប្រឆំាងគ្នា។ ក្នុងបរិបទនេះ គ្មាននរណាអាចបដិសេធបានទេថា ការប្រជែងគ្នារវាង មហាអំណាចធំបំផុតទាំងពីរជះឥទ្ធិពល និងប៉ះពាល់ដោយផ្ទាល់ដល់ដំណើរការ និងការតម្រង់ទិសរបស់ពិភពលោក។

ស្ថានភាពនេះ បានស្តែងចេញតាមការសើរើឡើងវិញនូវរបៀបរបបពិភពលោកបើកចំហរមួយ ដែលត្រូវបានបង្កើតឡើងក្រោយសង្គ្រោមលោកលើកទី២ ហើយដែលទោះជាមិនល្អឥតខ្ចោះក៏ដោយ ក៏បានជួយរក្សាសន្តិភាព និងវិបុលភាពដល់ពិភពលោក អស់រយៈពេលជាង៧០ឆ្នាំមកហើយដែរ។ ក្រោមសណ្តាប់ធ្នាប់អន្តរជាតិនេះ ស្ថាប័នពហុភាគីជាច្រើន ត្រូវបានបង្កើតឡើងដើម្បីជួយរក្សាសន្តិភាព បញ្ជៀសសង្គ្រាម រក្សានីតិរដ្ឋអន្តរជាតិ និងដោះស្រាយ ជម្លោះនានាតាមការចរចារ។ ឥឡូវនេះ របៀបរបបអន្តរជាតិដែលផ្អែកលើច្បាប់ និងប្រព័ន្ធពហុភាគីនិយម នេះកំពុងរងង់សម្ពាធយ៉ាងធ្ងន់ធ្ងរ។

ត្រង់នេះ ក៏មានការដេញដោលគ្នាច្រើនលើនិយមន័យនៃពាក្យ «របៀបរបបអន្តរជាតិដែលផ្អែកលើច្បាប់» មិនខុសពីការដេញដោលគ្នាអំពីពាក្យ «និយាមអន្តរជាតិ» (International Standard) នោះឡើយ។ ព្រោះថាតើអ្នកណាជាអ្នកបង្កើត និងកំណត់ស្តង់ដារ និងរបៀបរបបអន្តរជាតិនោះ ហើយតើស្តង់ដារ និងរបៀបរបបនោះដាក់ឲ្យអ្នកណាជាអ្នកអនុវត្ត? ពេលខ្លះអ្នកបង្កើតប្រែក្លាយទៅជាអ្នកបោះបង់ទៅវិញ នៅពេលដែលស្តង់ដារ របៀបរបបនោះលែងផ្តល់ ឬប្រែទៅជាផ្ទុយនឹងផលប្រយោជន៍ខ្លួន។

យ៉ាងណាក៏ដោយ ការងាកចេញពីពហុភាគីនិយម ដែលមានន័យស្មើនឹងការបោះបង់ចោល ការទទួលខុសត្រូវជាអន្តរជាតិរបស់ខ្លួននោះ គឺជាមូលដ្ឋានចំបង នៃការរំជើបរំជួលបច្ចុប្បន្ននេះ។ ដើម្បីផលប្រយោជន៍ជាតិ និងផលប្រយោជន៍ខ្លួនឯង មេដឹកនាំប្រទេសខ្លះបានសម្រេចដកខ្លួនចេញពីអង្គការចាត់តាំង និងកិច្ចព្រមព្រៀងអន្តរជាតិសំខាន់ៗ ជាច្រើនមាន៖ កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP), កិច្ចព្រមព្រៀងទីក្រុង Paris ស្តីពីការប្រែប្រួលអាកាសធាតុ, អង្គការ UNESCO, ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម ស្តីពីបញ្ហានុយក្លែអ៊ែរនៅអ៉ឺរ៉ង់, សន្ធិសញ្ញាស្តីពីកម្លាំងអាវុធនុយក្លែអ៊ែររយៈមធ្យម និងពីក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ជាដើម។

ពាណិជ្ជកម្មសេរី និងយុត្តិធម៌ត្រូវគំរាមដោយរូបភាពថ្មីៗ នៃការគាំពារនិយម។ ជាលទ្ធផល សង្គ្រាមពាណិជ្ជកម្មដែលបានកើតឡើងនោះ បានបង្កភាព មិនច្បាស់លាស់ និងហានិភ័យជាច្រើនដល់សេដ្ឋកិច្ច ពណិជ្ជកម្ម និងហិរញ្ញវត្ថុតំបន់ និងពិភពលោក។ ទោះបីមានការចុះហត្ថលេខាលើ «ដំណាក់កាលទីមួយ» រវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទំាងពីរ នៃពិភពលោកក៏ដោយ ក៏ប្រធានបទធំៗ នៅមិនទាន់បានដោះស្រាយនៅឡើយ តួយ៉ាងការការពារកម្មសិទ្ធិបញ្ញា, ការផ្ទេរបច្ចេកវិទ្យា, សហគ្រាសរដ្ឋ, ការបើកទីផ្សារជាដើម។ សង្គ្រាមពាណិជ្ជកម្ម ក៏បានរាលដាលដល់សង្គ្រាមបច្ចេកវិទ្យា សន្តិសុខ និងការពារជាតិ។

*ទី២៖ សម្ពាធមកលើប្រព័ន្ធ នៃរបៀបរបបដែលផ្អែកលើពហុភាគីនិយម និងច្បាប់អន្តរជាតិនេះ បានប៉ះពាល់បន្តដល់ប្រទេសនានាដែលតូចជាង ខ្សោយជាង៖

ពិតហើយកម្ពុជាមានឥទ្ធិពលតិចតួចប៉ុណ្ណោះ ក្នុងការកសាងរបៀបរបបអន្តរជាតិ ប៉ុន្តែមិនមែនបានន័យថា យើងមិនអាចជួយអ្វីបានសោះនោះទេ។ កម្ពុជាបានបង្ហាញ ទៅសហគមន៍អន្តរជាតិអំពីតួនាទីកាន់តែសកម្មរបស់ខ្លួន នៅក្នុងកិច្ចការពិភពលោក និងតំបន់ ដោយចូលរួមវិភាគទាននានា ក្នុងបុព្វហេតុសន្តិសុខ សន្តិភាព និងសង្គម តួយ៉ាងការបំពេញភារកិច្ចជាអនុ-ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ ជាសមាជិក ECOSOC និងអង្គការអន្តរជាតិមួយចំនួនទៀត បញ្ជូនកងកម្លាំងរក្សាសន្តិភាព ព្រមទាំងចូលរួមក្នុងការប្រយុទ្ធនឹងការប្រឈមនានា នៃពិភពលោក មានការប្រឆាំងនឹងភេវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុ ជាដើម។

ការរួមវិភាគទានរបស់យើងអាចច្រើនប៉ុណ្ណានោះ ក៏អាស្រ័យលើភាពរឹងមាំរបស់យើងនៅក្នុងប្រទេសដែរ។ នយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស គឺជាដៃទំាង២ នៃខ្លួនប្រាណតែមួយ ដែលត្រូវការគ្នាទៅវិញទៅមក ជួយគ្នា និងបំពេញឲ្យគ្នាទៅវិញទៅមក។ យើងបានឃើញការពិតនេះ ជារូបភាពជាក់ស្តែង តាមរយៈនៃការអនុវត្តនយោបាយ «អាមេរិកជាចំបង» (America First) ប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការកំណត់នយោបាយក្រៅប្រទេស គឺជាកិច្ចការរកលំនឹងដ៏លំបាករវាងការបំពេញកាតព្វកិច្ច ការទទួលខុសត្រូវជាអន្តរជាតិ និងការការពារផលប្រយោជន៍ជាតិ ខ្លួនឯង។ ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងសន្តិសុខក្នុងស្រុក តែងតែជាកត្តាកំណត់ដល់ឥរិយាបថ និងជំហរដែលត្រូវប្រកាន់យកចំពោះស្ថានការណ៍ បញ្ហា ឬសម្ពាធ ណាមួយពីខាងក្រៅ។

យ៉ាងណាមិញ អតីតកាលជូរចត់របស់កម្ពុជា តម្រូវឲ្យប្រទេសយើងកំណត់យក សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាអាទិភាពចំបងបំផុត។ គុណតំលៃទាំងនេះ ពឹងពាក់គ្នាទៅវិញទៅមកផង ហើយអាចគង់វង្សង់ទៅបាន លុះត្រាយើងការពារបាននូវឯករាជ្យ អធិបតេយ្យ និងអព្យាក្រឹត្យជាតិខ្លួនឯងផង។ ជិត៣០ឆ្នាំនៃសង្គ្រាម ទុក្ខវេទនា និងការបំផ្លិចបំផ្លាញនៅប្រទេសយើង មានដើមកំណើតពីការបាត់បង់ឯករាជ្យ អធិបតេយ្យ និងអព្យាក្រឹត្យ នៅដើមទសវត្សទី៧០នោះឯង។

ថ្មីៗនេះយើងក៏បានឃើញនូវភាពអន្តរាយនានា ដែលបានកើតឡើងក្រោយការជ្រៀតជ្រែករបស់មហាអំណាចធំៗ ក្នុងនាម នៃការស្តារលទ្ធិប្រជាធិបតេយ្យ ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសអធិបតេយ្យដូចគ្នា តែតូចជាង និងខ្សោយជាងនោះ នៅតំបន់មជ្ឈឹមបូព៌ា អាហ្វ្រិក អាមេរិកឡាទីន ឬនៅអាស៊ី។ នយោបាយ ដាក់ទណ្ឌកម្ម ដែលការពិតជានយោបាយប្រទេសធំ សង្កត់ទៅលើប្រទេសតូចជាង មិនមែនជានយោបាយត្រឹមត្រូវទេ ជាពិសេសនៅពេលពួកគេអនុវត្ត នយោបាយនេះក្នុងនាមគុណតំលៃ និងគោលការណ៍ដែលគេប្រើ ឬមិនប្រើស្របតាមកាលៈទេសៈ និងផលប្រយោជន៍ណាដែលអំណោយផលឲ្យគេ។

ចំពោះកម្ពុជាវិញ សហគមន៍អន្តរជាតិ គប្បីម្បីជួយយើងឲ្យបានខ្លាំងឡើង ឯកភាពរឹងមាំឡើង ជាជាងបំបែកបំបាក់ បន្ទុចបង្អាក់ឲ្យចុះខ្សោយតាមវិធានការ ដែលនឹងអាចក្លាយជាកំហុសលើកទី៣របស់ខ្លួន។ គេគួរណាស់គោរពជម្រើសនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់យើង ព្រោះតាំងពីរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍មកដល់ពេលនេះ ជម្រើសនោះតែងតែឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ពិតប្រាកដរបស់ប្រទេស និងប្រជាជន។

នោះគឺជាជម្រើសដែលបានស្តារជូនប្រជាជនកម្ពុជាវិញ នូវសិទ្ធិជាមូលដ្ឋានគ្រប់បែបយ៉ាង គឺសិទ្ធិទទួលអាហារ ការថែទាំសុខភាព ការរៀនសូត្រ ជម្រកផ្ទះសំបែង សិទ្ធិការងារ វប្បធម៌ និងសេរីភាព។ ជាងនេះទៀត នោះក៏ជាជម្រើស ដែលបានការពារសន្តិភាព សន្តិសុខ ស្ថិរភាព ឯកភាពសង្គម និងបានចៀសវាង កុំឲ្យឯករាជ្យ អធិបតេយ្យជាតិធ្លាក់ទៅក្នុងដៃអ្នកដដ៏ទៃ និងបម្រើផលប្រយោជន៍ ដែលផ្ទុយពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋដ៏ច្រើនលើសលុប។

*ទី៣៖ ទិសដៅការងារការបរទេស៖

ក្នុងបណ្តាឆ្នាំខាងមុខ ភាពតានតឹង ការប្រឈម និងការប្រកួតប្រជែងបច្ចុប្បន្ន នឹងបន្តវិវឌ្ឍត្តន៍ក្នុងលក្ខណៈលំបាក ស្មុគ្រស្មាញ ពិបាកប៉ាន់ស្មានបាន តាមទិសមិនប្រាកដប្រជាទាំងលើវិស័យ នយោបាយ សេដ្ឋកិច្ច យោធា និងសន្តិសុខ។ ភាពតានតឹងនៅតំបន់មួយចំនួន អាចនឹងកើនឡើង និងឈានទៅរកកម្រិតប្រកបដោយគ្រោះថ្នាក់ នៅអាស៊ីខាងត្បូង នៅអាមេរិកឡាទីន និងនៅអាហ្រ្វិកជាដើម ជាពិសេសនៅតំបន់ ដែលកំពុងមានភាពផុយស្រួយ។

ការប្រឈមធំៗ ជាសកលដូចជាការប្រែប្រួលធាតុអាកាស ភេរវកម្ម បញ្ហាជនភៀសខ្លួន ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាជំងឺឆ្លង (តួយ៉ាង Corona virus នៅ Wuhan ថ្មីៗនេះ)។ល។ នឹងនៅតែបន្តចោទជាគ្រោះថ្នាក់ ហើយទាមទារឲ្យមានការប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីរកដំណោះស្រាយឆ្លើយតប។

ការប្រើលេសស្តីពីការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតាមស្តង់ដារទ្វេ និងមិនសមស្រប ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសទីទៃ តាមការប្រើប្រាស់ឧបករណ៍ នយោបាយនិងសេដ្ឋកិច្ច នឹងបន្តដាក់សម្ពាធធ្ងន់ធ្ងរលើប្រទេសទន់ខ្សោយ រាប់ទាំងកម្ពុជាយើងផង៕