(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានក្រើនរំលឹកដល់ប្អូនៗ ក្មួយៗ ឲ្យខិតខំយកចិត្តទុកដាក់ការសិក្សាដើម្បីបង្កើនធនធានមនុស្ស ហើយត្រូវចៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀនធ្វើឲ្យបាត់បង់អនាគតខ្លួនយើង។

ការថ្លែងមតិផ្តាំផ្ញើដល់ប្អូនៗសិក្សានុសិស្សបានធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ក្នុងការប្រកួតបាល់ទាត់មិត្តភាព និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់តារាងបាលទាត់ខ្នាតលេខ២ នៃវិទ្យាល័យថ្មស ក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

លោកស្រី មិថុនា ភូថង បានអបអរសាទរលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលទទួលបានសមិទ្ធផលថ្មីនេះ ដែលពិតជាបានរួមចំណែកក្នុងវិស័យកីឡា ដែលជាវិស័យដ៏មានសារៈសំខាន់ សម្រាប់ប្អូនៗជាសិស្សានុសិស្ស និងសម្រាប់សាធារណជនទូទៅបានមកហាត់ប្រាណ លំហែកាយ និងពង្រឹងសុខភាព ហើយកីឡាជាវិស័យមួយធ្វើឲ្យប្អូនៗបានស្គាល់គ្នា នឹងធ្វើឲ្យប្អូនចេះស្រឡាញ់ សាមគ្គីគ្នាផងដែរ។

លោកស្រីថា «សមិទ្ធផលជាច្រើនដែលយើងមានសព្វថ្ងៃ គឺដោយសារប្រទេសយើងមានសន្តិភាព។ មានម្លប់សន្តិភាព ទើបយើងមានអ្វីៗទាំងអស់នៅសព្វថ្ងៃនេះ»។

ក្នុងឱកាសនេះ លោកស្រីសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់លោកគ្រូ អ្នកគ្រូ ត្រូវចេះរូបរួមសាមគ្គី ថែរក្សាសន្តិភាពឲ្យបានគង់វង្ស ដើម្បីយើងមានឱកាសអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចម្រើនថែមទៀត។

ជាមួយគ្នានេះដែរ លោកស្រី ក៏ទទូចដល់ប្អូនៗ សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រស្ដាប់ការណែនាំរបស់លោកគ្រូ អ្នកគ្រូ និងត្រូវចៀសវាងឲ្យបានដាច់ខាតពីគ្រឿងញៀន ដើម្បីក្លាយជាទំពាំងដ៏ល្អស្នងឫស្សីទៅថ្ងៃក្រោយ។ ចូរប្អូនៗទាំងអស់ត្រូវធ្វើខ្លួនជាកូនល្អ សម្រាប់ក្រុមគ្រួសារ ធ្វើជាពលរដ្ឋល្អសម្រាប់សង្គមជាតិទៅថ្ងៃក្រោយ៕