(ភ្នំពេញ)៖ មណ្ឌលឱកាសខ្ញុំ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានបើកវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈបំណិនជីវិត វគ្គ១ ឆ្នាំ២០២០ សម្រាប់ជនរងគ្រោះដោយគ្រឿងញៀន ចំនួន៦៤នាក់ ដោយមានការចូលរួម ពីតំណាងខណ្ឌទាំង១៤ និងអាណាព្យាបាលផងដែរ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ និងជាប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ បានថ្លែងថា ពិធីនេះ ធ្វើឡើងក្នុងគោលបំណងជួយដល់យុវជន យុវនារី ដែលកំពុងទទួលសេវាព្យាបាល ដែលរងគ្រោះ ពីការប្រើប្រាស់គ្រឿងញៀន ដោយមានការយកចិត្តទុកពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចលោក ឃួង ស្រេង អភិបាលរាធានីភ្នំពេញ។

លោកស្រី មុំ ចាន់ដានី បានបន្តទៀតថា បងប្អូនរងគ្រោះដោយសេពគ្រឿងញៀន គឺសុទ្ធតែជាអ្នកមានឱកាស ដើម្បីអភិវឌ្ឍន៍ខ្លួនឯង សង្គមគ្រួសារ និងសង្គមជាតិ សំខាន់លើការតាំងចិត្តរបស់ខ្លួនឯង។ ដូច្នេះសូមឲ្យប្អូនៗ ក្មួយៗដែលញៀន គ្រឿងញៀនទាំងអស់ប្រឹងប្រែង ដើម្បីហាត់រៀន ក្រេបយកចំណេះជំនាញ ដើម្បីបានទៅធ្វើការងារបំរើផលប្រយោជន៍ ឲ្យសង្គមជាតិរបស់យើង និងគ្រួសារ។

លោកស្រីបន្តថា ក្មួយត្រូវធ្វើខ្លួន ឲ្យក្លាយជាពលរដ្ឋល្អ ដើម្បីសម្រាលបន្ទុកគ្រួសារ សង្គម និងចូលរួមកសាងអភិវឌ្ឍន៍សង្គមជាតិយើង។ ចំពោះមាតាបិតាអាណាព្យាបាល ត្រូវខិតខំព្យាបាលកូនចៅ ឲ្យបានជាសះស្បើយ ខណៈសមាហរណកម្ម ចូលទៅក្នុងសហគមន៍វិញ ឲ្យក្លាយជាកូនល្អ ពលរដ្ឋ។

លោកស្រី មុំ ចាន់ដានី បានថ្លែងថា បច្ចុប្បន្ននេះ មានយុវជន បានប្រើប្រាស់គ្រឿងញៀន កំពុងធ្វើការបន្សាប នៅក្នុងមណ្ឌលសុខភាពឱកាសខ្ញុំ មានចំនួន១,៨៦៥នាក់ ក្នុងនោះ មានស្រីចំនួន១០០នាក់។

ជាមួយគ្នានេះ លោកស្រី មុំចាន់ដានី ក៏បានបន្តថា ករណីលាប់របស់ជនរងគ្រោះ ឬរងគ្រោះជាថ្មី ដោយសារគ្រឿងញៀន វាមានចំនួនតិចដែលវិលមកមណ្ឌលវិញ។ លោកស្រីសង្កត់ធ្ងន់ថា ករណីញៀន ឬមិនញៀន វាអាស្រ័យលើយុវជន យុវនារី ដែលធ្លាប់រងគ្រោះតែប៉ុណ្ណោះ ថាតើចង់រស់នៅសង្គមដ៏ល្អ ដែលកំពុងតែមានភាពស៊ីវីល័យ ក្នុងយុគ្គសម័យសន្តិភាពនេះ។

លោកស្រី មុំចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ មណ្ឌលឱកាសខ្ញុំ គ្រោងសមាហរណកម្មជនផ្តាច់គ្រឿនញៀន ចំនួនជាង៥០០នាក់ ចូលក្នុងសង្គម បន្ទាប់ទទួលបានស្តារនីតិសម្បទារួច។

យោងតាមរបាយការណ៍ របស់មណ្ឌលឱកាសខ្ញុំ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបំណិនជីវិត វគ្គទី១ ឆ្នាំ២០២០ នាពេលនេះ មានរយៈពេល០៣ ខែ (រៀនចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ) មានរយៈពេល៤ម៉ោង (ព្រឹក២ម៉ោង និងល្ងាច២ម៉ោង) ដែលមានជនរងគ្រោះ ចំនួន៦៤នាក់ ក្នុងនោះស្រី២៥ នាក់)។ ក្នុងនោះមាន៖

១៖ ជំនាញកាត់ដេរ ចំនួន៩នាក់
២៖ ជំនាញសំអាងការ អ៊ុតសក់ ចំនួន៩នាក់
៣៖ ជំនាញកុំព្យូទ័រ ចំនួន១០នាក់
៤៖ ជំនាញភាសាអង់គ្លេស ចំនួន៧នាក់
៥៖ ជំនាញជួសជុលម៉ាស៊ីនត្រជាក់ ចំនួន១១នាក់
៦៖ ជំនាញធ្វើសាប៊ូ ចំនួន៧នាក់
៧៖ ជំនាញកាត់សក់ ចំនួន១១នាក់៕