(ភ្នំពេញ)៖ ព្រោះតែភាពរីកចម្រើននៃសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជានោះ បានធ្វើឱ្យផលិតផលរបស់ក្រុមហ៊ុនយូនីលីវើ មានកំណើនខ្ពស់នៅក្នុងប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់ លោក រ៉ូប៊ើត កាន់ឌឺលីណូ (Robert Candelino) នាយកប្រតិបត្តិនៃក្រុមហ៊ុនយូនីលីវើ និងជាប្រធានគ្រប់គ្រងអាជីវកម្មក្រុនហ៊ុនក្នុងតំបន់អាស៊ាន។

លោក រ៉ូប៊ើត កាន់ឌឺលីណូ បានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

ក្នុងជំនួបនេះ លោក រ៉ូប៊ើត កាន់ឌឺលីណូ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានអនុវត្តយ៉ាងរឹងមាំនូវការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានការប៉ះពាល់ខ្លាំងលើសុខភាព និងសុខុមាលភាពរបស់ប្រជាជន។ នាយកប្រតិបត្តិការូបនេះ បន្តថា ទីផ្សារកម្ពុជាជាទីផ្សារមួយមានកំណើនខ្ពស់ ក្នុងចំណោមប្រទេសដែលក្រុមហ៊ុនយូនីលីវើមានប្រតិបត្តិការ។ កំណើនទីផ្សារដ៏ខ្ពស់នេះ បានឆ្លុះបញ្ចាំងពីការរីកចំរើននៃសង្គមកម្ពុជា ក៏ដូចជាប្រទេសទាំងមូល ដែលបានប្រែក្លាយខ្លួនយ៉ាងលឿន ក្នុងរយៈពេលមួយដ៏ខ្លីបំផុត។

ក្រុមហ៊ុនយូនីលីវើ គឺជាក្រុមហ៊ុនធំមួយ ដែលបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ជាមួយការលក់ផលិតផលជាច្រើនប្រភេទ។ ក្រុមហ៊ុននេះ បានផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរជាច្រើនកន្លែង។ លោក កាន់ឌឺលីណូ មានមោទនភាពជាខ្លាំងដែលបានចូលរួមការងារជាមួយបុគ្គលិករបស់ក្រុមហ៊ុន ដែលភាគច្រើនជាជនជាតិខ្មែរ ហើយក៏បានកោតសរសើរអស់ពីចិត្តចំពោះទេពកោសល្យនៃយុវជនកម្ពុជា ដែលជាធនធានដ៏មានតម្លៃសម្រាប់កម្ពុជា។

ក្នុងជំនួបនេះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនក្រុមហ៊ុនយូនីលីវើថា រាជរដ្ឋាភិបាលចាត់ទុកការការពារសុខភាព និងសុខុមាលភាពរបស់ប្រជាជនជាកិច្ចការចម្បង ហើយការអនុវត្តវិធានការប្រយុទ្ធប្រឆាំងបែបនេះ ក៏បានជួយដល់ផលប្រយោជន៍ និងសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ផងដែរ។

លោករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យក្រុមហ៊ុនយូនីលីវើ បន្តសហការជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើខុសច្បាស់ទាំងឡាយ ដូចជាក្លែងបន្លំផលិតផល និងធ្វើការរាយការណ៍ជូនអាជ្ញាធរឲ្យបានភ្លាមៗ ក្នុងករណីដែលដឹង។

លោករដ្ឋមន្ត្រីបន្តថា ក្រសួងពាណិជ្ជកម្ម ក៏កំពុងតែធ្វើកំណែទម្រង់អង្គភាពកាំកុងត្រូលឲ្យទៅជាអង្គភាពជំនាញខាងសុវត្ថិភាពចំណីអាហារ ការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ ដែលនឹងដើរតួនាទីមួយយ៉ាងសំខាន់លើការងារការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ហើយក៏បានស្នើសុំឲ្យក្រុមហ៊ុនយូនីលីវើ ផ្ដល់ជំនួយ ដូចជា ឧបករណ៍ពិសោធន៍ ការបណ្ដុះបណ្ដាលមន្ត្រី និងអប់រំដល់សាធារណជន ដើម្បីបង្កើនការយល់ដឹងពីផលប៉ះពាល់បណ្ដាលមកពីការប្រើប្រាស់ផលិតផលក្លែងក្លាយ ឬផលិតផលលាយ។

លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាព ក៏ដូចជាសម្រួលដល់ការធ្វើធុរកិច្ចនៅកម្ពុជា៕