(ភ្នំពេញ)៖ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបុទមវត្តីរាជវរាម នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានយាងនិមន្តជាព្រះកិត្តិយសក្នុងកម្មវិធីឈ្វេងយល់ ពិធីបុណ្យមាឃបូជា ដើម្បីលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តដល់ពុទ្ធបរិស័ទ ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវពីពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធសាសនា។

កម្មវិធីនេះត្រូវបានបានរៀបចំឡើងដោយក្រុមហ៊ុនផ្កាឈូក និងមូលនិធិផ្កាឈូក សហការជាមួយនឹងគណៈសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រៀបចំកម្មវិធីលេងយល់អំពីបុណ្យមាឃបូជា ឆ្នាំទី២ នៅតាមខេត្ត-ក្រុងចំនួន១២កន្លែង ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង និងកំពង់ឆ្នាំង ដើម្បីឱ្យពុទ្ធបរិស័ទមានការយល់ដឹងជាបឋម អំពីសារៈប្រយោជន៍នៃ បុណ្យមាឃបូជា មុននឹងអញ្ជើញទៅតាមវត្តនានា ដែលជាទីពេញចិត្តរបស់ពុទ្ធបរិស័ទ ដើម្បីរួមប្រារព្ធពិធីបុណ្យមាឃបូជា តាមបែបប្រពៃណី។

បន្ថែមពីលើនេះ ក្រុមហ៊ុនផ្កាឈូក និងមូលនិធិផ្កាឈូក បានបោះពុម្ពសៀវភៅឈ្វេងយល់ពីពិធីបុណ្យមាឃបូជា ជាទិវាកំណើតពុទ្ធសាសនា ក្នុងឋានៈជាអង្គការចាត់តាំង ដែលនិពន្ធរៀបរៀងឡើង ដោយលោកធម្មបណ្ឌិត ហេង មណីចិន្តា សម្រាប់ចែកប្រគេន និងជូនដើម្បីអាន ជាការបង្កើននូវការយល់ដឹងបន្ថែមទៀត។

កម្មវិធំឈ្វេងយល់អំពីបុណ្យមាឃបូជានាឆ្នាំនេះ ប្រារព្ធឡើងជាឆ្នាំទី២ បន្ទាប់ពីបានទទួលនូវការគាំទ្រពីសំណាក់អ្នកចូលរួម ក្នុងកម្មវិធីឈ្វេងយល់ មាឃបូជា វិសាខបូជា និងអាសាឡ្ហបូជា កាលពីឆ្នាំ២០១៩ និងបានសុំឱ្យក្រុមហ៊ុនផ្កាឈូក និងមូលនិធិផ្កាឈូក គណៈសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រៀបចំឱ្យបានរៀងរាល់ឆ្នាំ។ ដោយឡែកនៅឆ្នាំទី២ នៃការរៀបចំកម្មវិធីនេះ មានព្រះសង្ឃ ពុទ្ធបរិស័ទនិមន្ត ចូលរួមជាង៥០០០នាក់។ ប៉ុន្តែ បើប្រៀបធៀបនឹងឆ្នាំ២០១៩កន្លងទៅ មានអ្នកចូលរួមប្រមាណជា៦០០០នាក់ នៅក្នុងខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ។

មាឃបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំនេះ បុណ្យមាឃបូជា នឹងត្រូវប្រារព្ធឡើងនូវថ្ងៃ១៥កើត ខែមាឃ ដែលត្រូវនឹងថ្ងៃពុធទី០៨ ខែកុម្ភៈ ឆ្នាំ២0២០។ មិនមែនតែកម្ពុជានោះទេ សូម្បីតែប្រទេសដទៃដូចជា៖ ស្រីលង្កា មីយ៉ាន់ម៉ា, ថៃ និងបណ្តាប្រទេសមួយចំនួនទៀត ដែលកាន់ព្រះពុទ្ធសាសនាផងនោះ ក៏ប្រារព្ធពិធីបុណ្យនេះដែរ។

ការប្រារព្ធពិធីបុណ្យ មាឃបូជា គឺដើម្បី រម្លឹកនូវព្រឹត្តិការណ៍សំខាន់៣យ៉ាង រួមមានទី១៖ ការធ្វើចតុរង្គសន្និបាត, ទី៖២ ព្រះពុទ្ធសម្តែងឱវាទបាតិមោក្ខ ដល់ភិក្ខុ និងទី៣៖ ព្រះពុទ្ធដាក់អាយុសង្ខារ។

ចតុរង្គសន្និបាត មានន័យថា ជាការជួបជុំគ្នារបស់សាវ័កព្រះពុទ្ធ នៅក្នុងថ្ងៃមួយហើយ ប្រកបដោយអង្គ ឬហេតុ៤ យ៉ាង។ អង្គ ឬហេតុទាំង៤ ដែល កើតឡើងក្នុងថ្ងៃជួបជុំនោះ គឺទី១៖ ជាថ្ងៃ ឧបោសថ ដែលមានព្រះច័ន្ទពេញវង់ល្អ, ទី២៖ ជាថ្ងៃដែលព្រះភិក្ខុទាំង១២៥០អង្គ មកជួបជុំគ្នា ក្នុងសំណាក់ ព្រះសម្មាសម្ពុទ្ធ ដោយមិនមានការណាត់ជាមុន, ទី៣៖ ព្រះភិក្ខុទាំងអស់នោះ សុទ្ធសឹងតែជាព្រះអរហន្ត និងទី៤៖ ព្រះភិក្ខុទាំងអស់នោះសុទ្ធសឹងតែជា ឯហិភិក្ខុ។ ឯហិភិក្ខុ គឺសំដៅលើជនណាម្នាក់ដែលគ្រាន់តែចូលទៅស្តាប់ធម៌ របស់ព្រះពុទ្ធហើយ ក៏ក្លាយជាភិក្ខុដូចគេដែរ។ ចតុរង្គសន្និបាតនេះមានតែ ម្តងប៉ុណ្ណោះក្នុងសម័យព្រះពុទ្ធ។

រីឯការសម្តែង ឱវាទបាតិមោក្ខ ជាកម្រងដំបូន្មាន របស់ព្រះពុទ្ធ ដើម្បីដឹកនាំសត្វលោកទាំងអស់ឱ្យរួចផុតទុក្ខ។ ឱវាទបាតិមោក្ខ មានដូចជា សេចក្តីអត់ធន់ ការមិនធ្វើបាបទាំងពួង ការបំពេញកុសល ការញ៉ាំងចិត្តរបស់ខ្លួនឱ្យផូរផង់ ការមិនពោលពាក្យតិះដៀល និងការមិនបៀតបៀនគ្នាជាដើម។ ក្រោយសម្តែង ឱវាទបាតិមោក្ខ រួចហើយ ព្រះពុទ្ធក៏ប្រកាសតែងតាំងភិក្ខុ ២អង្គ ជាអគ្គសាវ័ក កំពូលលើសភិក្ខុទាំងឡាយ។ ភិក្ខុទាំង២នោះ គឺព្រះសារីបុត្ត ជាអគ្គសាវ័កស្តាំ ដែលមានបញ្ញាលើសគេ និងព្រះមហាមោគ្គល្លាន ជាអគ្គសាវ័កឆ្វេង ដែលមានឫទ្ធិលើសគេ។

ចំណែកការដាក់អាយុសង្ខារ គឺជាថ្ងៃដែលព្រះពុទ្ធកំណត់ថា៣ខែ ទៅមុខទៀត ព្រះអង្គនឹងចូលព្រះនិព្វានដែលជាការលាចាកលោកនេះ ដោយពុំមាន ការវិលត្រឡប់វិញឡើយ។ រយៈពេល៣ខែក្រោយ ព្រះអង្គក៏ចូលព្រះនិព្វានក្នុងព្រះជន្ម ៨០ព្រះវស្សា៕