(កណ្ដាល)៖ លោក រស់ ផុនចាន់និមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមន្រ្តីនគរបាលម្នាក់ ដាក់ពន្ធនាគារ ក្រោយមន្រ្តីនគរបាលរូបនេះ បានបើករថយន្តកៀរបំបុក និងចុះវាយជនរងគ្រោះបណ្តាលឲ្យរងរបួស។

នៅក្នុងដីការបស់តុលាការដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ បានបញ្ជាក់ថា មន្រ្តីនគរបាលឈ្មោះ ហែន លីណា ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា និងបទធ្វើឲ្យខូចខាតដោយចេតនា»។

សូមបញ្ជាក់ថា មន្ដ្រីនគរបាលខេត្តកណ្ដាលម្នាក់ បានបង្ហាញចរិកទំនើងដោយបើករថយន្តកៀរ និងបុករថយន្ដរបស់អ្នកដំណើរផ្សេងទៀត ដែលកំពុងធ្វើដំណើរតាមដងផ្លូវ ហើយថែមទាំងវាយដំទៀតផងដោយមិនខ្លាច ឬញញើតច្បាប់ទាល់តែម្ដង។

ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ នៅចំណុចផ្លូវស្អាងភ្នំ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្ដាល ខណៈមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ ថាដើមចមនៃរឿងនេះផ្ដើមចេញអីរឿងអ្វីឲ្យប្រាកដ។

ជននេះ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត តាមស្រាវជ្រាវចាប់ខ្លួន និងបានបញ្ជូនទៅកាន់តុលាការ រហូតតុលាការចេញដីកាឃុំខ្លួនតែម្តង។

តាមរយៈវីដេអូដែលបង្ហាញដោយកាមេរ៉ាសុវត្ថិភាព មន្ដ្រីនគរបាលបង្កខាងលើបើករថយន្ដម៉ាក Honda CRV ពណ៌ទឹកប្រាក់។ ដោយឡែក រថយន្ដរបស់ជនរងគ្រោះម៉ាក Lexus RX330 ពាក់ផ្លាកលេខភ្នំពេញ2AX-9631។

មន្ដ្រីនគរបាលរូបនេះ ត្រូវបានគេទម្លាយថា ឈ្មោះ ហែន លីណា អាយុ៣១ឆ្នាំ ទីលំនៅភូមិស្វាយជួ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ឋានន្ដរស័ក្ដិ អនុសេនីយ៍ឯក (ស័ក្ដិ៣) បម្រើការងារនៅការិយាល័យចាត់តាំងបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអះអាងថា ដំបូងឡើងគេឃើញរថយន្ដរបស់ជនរងគ្រោះ បានពីមុនរថយន្ដមន្ដ្រីនគរបាល លុះដល់កន្លែងកើតហេតុ ស្រាប់តែមន្ដ្រីនគរបាលបើករថយន្ដវ៉ា កាក់ពីមុនរថយន្ដជនរងគ្រោះដើម្បីឲ្យឈប់។ ពេលនេះមន្ដ្រីនគរបាលខាងលើ បានថយរថយន្ដមកបុករថយន្ដជនរងគ្រោះ និងចុះពីលើរថយន្ដវាយទាំងកម្រោលមកលើជនរងគ្រោះតែម្ដង ទើបបង្កឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ។

បើតាមប្រភពព័ត៌មាន ក្រោយបង្កហេតុភាគីទាំងសងខាង ត្រូវបានសមត្ថកិច្ចហៅទៅសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសួរនាំ ប៉ុន្ដែនៅពេលទៅដល់កន្លែងសមត្ថកិច្ច មន្ដ្រីនគរបាលបង្កហាក់មិនព្រមសហការនោះទេ ហើយថែមទាំងបង្កហិង្សាមកលើសាច់ញាតិរបស់ជនរងគ្រោះបន្ថែមទៀតផង។

យ៉ាងណាមិញ សម្រាប់សកម្មភាពទាំងអស់នេះ ត្រូវបានជនរងគ្រោះសម្រេចដាក់ពាក្យបណ្ដឹងចំនួន ២ករណីតែម្ដង ដោយទី១៖ បណ្ដឹងរឿងគ្រោះថ្នាក់ចរាចរណ៍ និងទី២៖ បណ្ដឹងរឿងបង្កហិង្សា៕