(ក្រចេះ)៖ សាកលវិទ្យាល័យក្រចេះ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការកែច្នៃផលិតផលចំណីអាហារក្នុងស្រុក» ដោយបានអញ្ជើញ លោក Dr. Hendri Bustamam មកពីសាកលវិទ្យាល័យ Bengkulu នៃប្រទេសឥណ្ដូនេស៉ី ធ្វើជាវាគ្មិន ដើម្បីឲ្យសិស្ស និសិ្សតរបស់សាកលវិទ្យាល័យនេះ បានយល់ដឹងពីបទពិសោធន៍ និងការបង្កើតសហគ្រាស ខ្នាតតូចបានដោយខ្លួនឯង។

លោក ងី ឡាយមថុនា សាកលវិទ្យាធិការ បានថ្លែងថា ក្នុងវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់គឺ ដើម្បីចូលរួមអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក អប់រំ មន្រ្តី និស្សិតនៅក្នុងសាកលវិទ្យាល័យក្រចេះ ក៏ដូចជាប្រជាពលរដ្ឋ កសិករ និងអាជាធរ ពាក់ព័ន្ធ ទៅលើបច្ចេកទេសក្នុងការកែច្នៃ ការផលិត និងការវេចខ្ចប់នូវកសិផលក្នុងស្រុក ដើម្បីកៃច្នៃឱ្យចេញទៅជាផលិតផលសម្រេច (តែខ្ញី, តំណាប់ម្នាស់, ម្សៅដំឡូង, មី, និង នំប៉ុង)។ ទន្ទឹមជាមួយគ្នានោះផងដែរ តាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងផ្សព្វផ្សាយបញ្ជ្រាប នូវទស្សនវិស័យក្នុងការប្រែក្លាយអាជីវកម្មដែលមានលក្ខណៈគ្រួសារ ទៅជាអាជីវកម្មសហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងសហគមន៍ផងដែរ។

លោកសាកលវិទ្យាធិការ បន្តថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិស្សនិស្សិត ឬសិក្ខាកាម នឹងអាចយល់ដឹងអំពី ការបង្កើតនូវមូលដ្ឋានគ្រឹះនៃអាជីវកម្មលក្ខណៈគ្រូសារ ទៅជាអាជីវកម្មសហគ្រាសខ្នាតតូច និងមធ្យម ដោយផ្អែកលើសក្តានុពលក្នុងសហគមន៍របស់ខ្លួនតាមជំនាញ និងបច្ចេទេសដែលបានរៀនក្នុងវគ្តបណ្ដុះបណ្ដាលនេះមានដូចជា បច្ចេកទេសក្នុងការកែច្នៃខ្ញី ការផលិត និងការវេចខ្ចប់ឱ្យទៅជាផលិតផលសម្រេច «តែខ្ញី», បច្ចេកទេសក្នុងការកែច្នៃម្នាស់ ការផលិត និងការវេចខ្ចប់ឱ្យទៅជាផលិតផលសម្រេច «តំណាប់ម្នាស់» បច្ចេកទេសក្នុងការកែច្នៃដំឡូងមី ការផលិត និងការវេចខ្ចប់ឱ្យទៅជាផលិតផលសម្រេច «ម្សៅដំឡូងមី» បច្ចេកទេសក្នុងការកែច្នៃដំឡូងមី ដំឡូងផ្អែម និងល្ពៅ ការផលិត និងការវេចខ្ចប់ឱ្យទៅជាផលិតផលសម្រេច «មីរស់ជាតិផ្សេងៗគ្នា», បច្ចេកទេសក្នុងការកែច្នៃដំឡូងមី ការផលិត និងការវេចខ្ចប់ឱ្យទៅជាផលិតផលសម្រេច «នំប៉ុង ឬនំផ្អែម»។

លោកសាកលវិទ្យាធិការ បានថ្លែងអំណរគុណចំពោះ លោក Dr. Hendri Bustamam ដែលធ្វើបទបង្ហាញចែករំលែកពីសោធន៍ល្អៗ ដល់និស្សិតក្នុងសាកលវិទ្យាល័យក្រចេះ មានចំណេះដឹងថ្មីៗពីគ្រប់តំបន់ ទាក់ទង់ទៅនឹងមុខជំនាញដែលសិស្សនិស្សិតកំពុងសិក្សាប្រចាំថ្ងៃ និងរៀនបង្កើតសហគ្រានខ្នាតតូចបានជោគជ័យ ដើម្បីមួយផ្នែកទៀតក៏អាចរកប្រាក់ចំណូលបានផង ក្នុងពេលដែលកំពុងនិងសិក្សា ហើយសម្រាប់លោកផ្ទាល់ ក៏បានបញ្ជាក់ថានឹងបន្តទំនាក់ទំនង ក្រុមហ៊ុន និងសាកលវិទ្យាល័យដៃគូ ដើម្បីមកផ្តល់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ដើម្បីបន្ថែមលើកក្មវិធីសិក្សារបស់សាកល៕