(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាល នៅតែបន្ដពង្រឹង និងពង្រីកជំនាញឯកទេសរបស់ក្រុមគ្រូពេទ្យ ឱ្យកាន់តែមានសមត្ថភាពខ្ពស់ ដើម្បីផ្ដល់សេវាជូនពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

ជាពិសេស កសាងហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ ជាមួយនឹងការបំពាក់សម្ភារបរិក្ខារពេទ្យទំនើបៗស្ដង់ដារអន្ដរជាតិ រួមទាំងបន្ដបញ្ជូនក្រុមគ្រូពេទ្យរបស់យើង ទៅបណ្ដុះបណ្ដាលនៅក្រៅប្រទេស ជាមួយប្រទេសជាដៃគូអភិវឌ្ឍ ដូចជា បារំាង កូរ៉េ អូស្ដ្រាលី សិង្ហបូរី និងទៅបណ្ដាប្រទេសផ្សេងៗទៀត។

ការថ្លែងបែបនេះរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានធ្វើឡើងក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរពេទ្យមិត្តខ្មែរ-សូវៀត នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «មន្ដ្រីសុខាភិបាល ត្រូវខិតខំបន្ថែមទៀតក្នុងការពង្រឹង-ពង្រីកឯកទេស ឱ្យបានកាន់តែប្រសើរ និងផ្ដល់សេវាសង្គ្រោះប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ហើយដាច់ខាតកុំគិតលុយធំជាងការផ្ដល់សេវា និងការថែមទាំអ្នកជំងឺឱ្យបានល្អ ទើបផ្ដល់សេចក្ដីទុកចិត្ដ និងភាពកក់ក្ដៅជូនប្រជាពលរដ្ឋយើង»។

រដ្ឋមន្ដ្រីថ្លែងបន្ដថា «កន្លងមកនេះគ្រូពេទ្យរបស់យើង បានយកចិត្ដទុក្ខដាក់ក្នុងការផ្ដល់សេវាពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋយើង តែត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីចូលរួចចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់សុខុមាលភាពរបស់ប្រជាជនយើង និងកាត់បន្ថយអត្រាមរណភាពមាតា កុមារ និងទារក ជាពិសេសសេវាព្យាបាលមនុស្សចាស់ឱ្យកាន់ប្រសើរឡើង»។

ជាក់ស្ដែងកន្លងមកនេះ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានចូលរួមចំណែកដ៏សំខាន់ ក្នុងការផ្ដល់សេវាពិនិត្យព្យាបាលមនុស្សចាស់ ប្រកដោយសារត្មីទទួលខុសត្រូវខ្ពស់។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ។

នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានឱ្យដឹងថា មន្ទីរពេទ្យបានបន្ដបំពាក់នូវឧបករណ៍ទំនើបៗជាច្រើនទៀត ដើម្បីផ្ដល់នូវសេវាព្យាបាលជូនពលរដ្ឋប្រកបដោយប្រសិទ្ធិភាពខ្ពស់។ លោកបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ កន្លងមកនេះ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានទទួលពិនិត្យព្យាបាលជំងឺសរុប ចំនួន ៤៧០,៨១៦នាក់ ក្នុងនោះអ្នកជំងឺមកពិគ្រោះជំងឺក្រៅចំនួន ៤២៥,៩១២នាក់ និងសម្រាកព្យាបាលចំនួន៤៤,៩០៤នាក់៕