(កូរ៉េខាងត្បូង)៖ ថ្លែងចេញពីប្រទេសកូរ៉េខាងត្បូង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រាប់ដល់ពលករខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង បើទោះបីជាទៅថ្ងៃខាងមុខ នៅកូរ៉េខាងត្បូងមានបញ្ហាអ្វីក៏ដោយ សូមកុំមានការស្លន់ស្លោរ ព្រោះរដ្ឋាភិបាលប្រទេសគេ គេមានការទទួលខុសត្រូវរបស់គេហើយ។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅកូរ៉េខាងត្បូង នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «គ្រាន់តែផ្ដាំផ្ញើថា បើមានរឿងអីកើតឡើង ក៏សូមកុំស្លន់ស្លោរ ប្រជាជនកូរ៉េ គេរស់នៅបានយ៉ាងម៉េច រស់នៅជាមួយគេចឹងទៅ និយោជិកដែលមកទីនេះ ក៏ដូចជានាយក ថៅកែៗរោងចក្រ គេមានការទទួលខុសត្រូវរបស់គេ រដ្ឋបាលរបស់គេ រដ្ឋាភិបាលរបស់គេ គេមានការទទួលខុសត្រូវរបស់គេហើយ ហើយយើងនៅតែបន្ដទៅទៀត នូវការពង្រឹងទំនាក់ទំនងនេះ»

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទំនាក់ទំនងខាងនយោបាយការទូត ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម និងផ្នែកដទៃទៀត នាំមកនូវការរីកលូតលាស់ សម្រាប់កម្ពុជា។ កម្ពុជា ទទួលផលប្រយោជន៍ច្រើន ក្នុងការដាក់ទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េខាងត្បូង។

សម្ដេចបានថ្លែងថា «ខ្ញុំសប្បាយរីករាយ នៅត្រង់ថា ក្នុងឋានៈជាអ្នកដែលជំនះឧបសគ្គ ដើម្បីធ្វើ់ឲ្យខាតតែបាននូវ ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ គឺមានមោទភាព ខ្ញុំនឹងមានខកចិត្ដ ប្រសិនបើដាក់ទំនាក់ទំនង ជាមួយនឹងកូរ៉េខាងត្បូង មិនត្រឹមតែធ្វើឲ្យកូរ៉េខាងជើងខឹង បន្ថែមទៅដោយគ្មានការលូតលាស់ណាមួយ នូវការទំនាក់ទំនងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលផ្ដល់ផលប្រយោជន៍ឲ្យកម្ពុជា ខ្ញុំនឹងក្លាយទៅជាជនបរាជ័យ»

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏គូសបញ្ជាក់ថា «ឥលូវនេះ ខ្ញុំនិយាយដោយមោទភាពថា ខ្ញុំជាជនជោគជ័យម្នាក់ នៅក្នុងនយោបាយកូរ៉េ។ បើសិនជាពេលនោះ ដាក់ទៅទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង អត់មានអីជឿលឿន បែរជាបាត់ការឧបត្ថម្ភគាំទ្រពី កូរ៉េខាងជើង ខ្ញុំជាជនបរាជ័យ ប៉ុន្ដែឥលូវអត់ទេ ទំនាក់ទំនងរវាងកូរ៉េទាំងពីរ នៅតែរក្សា»

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា យើងត្រូវអនុវត្ដ នូវសេចក្ដីសម្រេច របស់ក្រុមប្រឹក្សាសន្ដិសុខ ពាក់ព័ន្ធជាមួយនឹងកូរ៉េខាងជើង វាអត់មានជម្រើស ព្រោះនេះ ជាសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខ ដែលយើងត្រូវតែគោរព ក៏ប៉ុន្ដែទំនាក់ទំនង ធម្មតារវាងកម្ពុជា ជាមួយកូរ៉េខាងជើងក៏នៅតែបន្ដ ដោយមិនយកកូរ៉េខាងជើងធ្វើជាសត្រូវទេ ប៉ុន្ដែយើងនៅតែទទូចឲ្យឧបទ្វីបកូរ៉េនេះ គ្មានអាវុធនុយក្លេអ៊ែរ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា ដំណោះស្រាយតាមផ្លូវចរាចរ បើទោះបីជាការចរាចរ កើតឡើងរវាងកូរ៉េខាងជើង ជាមួយអាមេរិក កូរ៉េខាងជើង ជាមួយកូរ៉េខាងត្បូង ឬការចរាចរពហុភាគី កកើតឡើងវិញ ក៏វាសុទ្ធតែជាជម្រើស ដោយសន្ដិវិធីទាំងអស់៕