(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះសួរសុខទុក្ខ ជាមួយនិងអំណោយមនុស្សធម៌ជាលើកទី៧ រួមទាំងរៀបចំអាហារមួយពេលជូនកុមារពិការខ្សោយសតិបញ្ញា អូទីស្សឹម និងអាណាព្យាបាល រួមជាមួយគ្រូៗសរុបចំនួន ២៣០នាក់ នៃអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ស្ថិតនៅក្នុងអនុវិទ្យាល័យអនុវត្តន៍ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសសំណេះសំណាលនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើគិតគូរ សួរសុខទុក្ខ និងអាណិត ស្រឡាញ់ចំពោះកុមារ និងអាណាព្យាបាលទាំងអស់ ជាពិសេសថ្លែងនូវការកោតសរសើរដល់គ្រូៗបុគ្គលិកទាំងអស់ ដែលមានទឹកចិត្តអាណិត ស្រឡាញ់ និងបានថែទាំ ផ្តល់ការអប់រំបណ្តុះបណ្តាលចំពោះកុមារទាំងនេះ ដោយគ្មានការរើសអើង ដើម្បីអនាគតភ្លឺស្វាងរបស់កុមារ ហើយដែលនេះ ជាការរួមចំណែកលើកកម្ពស់វិស័យអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវិធីអប់រំពិសេសរបស់ ក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រីអគ្គលេខាធិការទី១ ក៏បានថ្លែងការកោតសរសើរចំពោះលោក ចាន់ សារិន នាយកប្រតិបត្តិអង្គការ ដែលបានខិតខំស្វះស្វែងអំពាវនាវរកជំនួយពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីទ្រទ្រង់ដល់ការរស់នៅរបស់កុមារពិការខ្សោយសតិបញ្ញា ដែលស្នាក់នៅក្នុងអង្គការទាំងអស់។

ជាមួយគ្នានេះ លោកស្រីបានពាំនាំសារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើឱ្យគិតគូរពីការ ថែទាំសុខភាព ការហូបស្អាត រស់នៅស្អាត មានអនាម័យ មានសាមគ្គីភាព ចេះស្រឡាញ់គ្នាទៅវិញទៅមក និងចេះរស់នៅដោយភាពសុខដុមរមនា ក្នុងសង្គមដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនេះ។

លោក ចាន់ សារិន នាយកអង្គការនៃក្តីសង្ឃឹមសម្រាប់សហគមន៍ បានថ្លែងនូវក្តីសោមស្សរីករាយជាទីបំផុត ដែលមានភ័ព្វវាសនាបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកចិត្តទុកដាក់លើកទឹកចិត្ត ជួយឧបត្ថម្ភជាបន្តបន្ទាប់ និងសូមជូនពរបវរមហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន អាយុយ៉ឺនយូរ ដើម្បីនៅជាម្លប់ដ៏កក់ក្តៅដល់ កុមារពិការខ្សោយសតិបញ្ញា និងជនពិការទូទៅដែរ។

ជាមួយនឹងការផ្តល់អាហារដ៏ឆ្ងាញ់១ពេល កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ទឹកសុទ្ធ១៥កេស និងទឹកក្រូច ១០កេស ដល់អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ។ក្នុងនោះឧបត្ថម្ភលោកគ្រូ អ្នកគ្រូ បុគ្គលិកចំនួន ៣៨នាក់ ក្នុងម្នាក់ៗថវិកា១០ម៉ឺនរៀល។ ឧបត្ថម្ភសិស្សខ្សោយសតិបញ្ញាចំនួន ១៧៧នាក់ ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀល។

តាមការបញ្ជាក់របស់នាយកអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍មកទល់និងពេលនេះ កម្ពុជាមានកុមារអូទីស្សឹមចំនួន១,១៥៨នាក់ នៅខេត្តចំនួន៦ មានដូចជា៖ ភ្នំពេញ កណ្តាល បាត់តំបង ពោធ៍សាត់ សៀមរាប កំពង់ឆ្នាំង ចំនួននេះស្រាវជ្រាវតែជាង២០ស្រុកប៉ុណ្ណោះទេ ដូចនេះ តាមការសន្និដ្ឋាន កម្ពុជាអាចនឹងមានកុមារ និងយុវជនដែលមានអូទីស្សឹមរហូតដល់ជាង២ម៉ឺននាក់៕