(ក្រចេះ)៖ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ នារសៀលថ្ងៃទី៧ ខែកុម្ភៈ បានដឹកនាំលោក លោកស្រី ស្នងការរង នាយនាយរងនគរបាល លោកអធិការ ស្រុក និងក្រុងពិសេស នគរបាលជំនាញចរាចរណ៍ស្រុក-ក្រុង ប្រជុំផ្សព្វផ្សាយផែនការសកម្ម ភាពការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោគឆ្នាំ២០២០ ទៅតាមទិសដៅផែនការ សកម្មភាពរបស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃ។

នៅក្នុងកិច្ចប្រជុំនោះលោកឧត្តមសេនីយ៍ទោ លន់ សុផាត បានជំរុញឲ្យនគរបាលជំនាញចរាចរណ៍ ត្រូវអនុវត្តកិច្ចការងារចរាចរណ៍ដែលបានផ្សព្វផ្សាយ អនុវត្តឲ្យបានខ្ជាប់ខ្ជួន អនុវត្តដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ និងទទួលខុសត្រូវ គឺមិនឲ្យកើតមានបាតុភាពណាមួយនោះទេ។

លោកបានជំរុញឲ្យលោកអធិការនគរបាលស្រុក ក្រុង បន្តធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីចរា ចរណ៍ផ្លូវគោកនេះ ដល់មន្រ្តីប៉ុស្តិ៍រដ្ឋបាល ពិសេសការបង្កើនសកម្មភាពផ្សព្វផ្សាយតាមគ្រិះ ស្ថានសិក្សា សាលារៀន និងចុះពន្យល់ណែនាំពលរដ្ឋដល់លំនៅឋាន ឲ្យពួកគាត់យល់ដឹកច្បាស់ពីច្បាប់ចរាចរណ៍និងណែនាំឲ្យមានការរួមគ្នាអនុវត្ត។

លោកឧត្តមសេនីយ៍ទោ លន់ សុផាត ក៏បានកោតសសើរ ដល់ការអនុវត្តភារកិច្ចរបស់នគរបាលចរាចរណ៍ខេត្តស្រុក និងក្រុង នារយៈពេលកន្លងមកដោយការ អនុវត្តសម្រេចបានលទ្ធផលល្អ ទៅតាម ទិសដៅ និងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាបទល្មើសចរាចរណ៍ឱ្យមានការថយចុះ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅក្នុងខេត្តកាលពីឆ្នាំ២០១៩ កន្លងទៅមានចំនួន ១៧៧ករណី ក្នុងនោះ បង្កឲ្យមានអ្នកស្លាប់ចំនួន ៧៦នាក់ របួសធ្ងន់ ១៧៩នាក់ របួសស្រាល ៩១នាក់។ ចំនួនគ្រោះថ្នាក់ទាំងនេះ បានកើតឡើងនៅតាមស្រុក-ក្រុង មានដូចជាក្រុងក្រចេះ ២០ករណី ស្រុកសំបូរ ២០ករណី ស្រុកចិត្របុរី ២៨ករណី ស្រុកឆ្លូង ៥ករណី ស្រុកព្រែកប្រសព្វ ៩ករណី និងស្រុកស្នួល ២៩ករណី៕