(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ដើម្បីលើកកម្ពស់សុខុមាលភាព និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង នៅតាមទល់ដែនកម្ពុជា-ថៃ បានស្នើឱ្យប្រធានគម្រោងព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រីថៃ សិរិនថន បន្ដជួយបណ្ដុះបណ្ដាធនធានមនុស្ស លើវិស័យសុខាភិបាល និងពង្រីកវិសាលភាពរបស់សុខភាពមាតា កុមារ និងទារក។

ជាពិសេស បន្ដជួយក្នុងការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ នៅខេត្ដបៃលិន និងខេត្ដមួយចំនួនទៀតនៅតាមទល់ដែនជាមួយគ្នាបន្ថែមទៀត ក្រៅពីបានជួយផ្សព្វផ្សាយអប់រំនៅខេត្តរតនគិរី និងមណ្ឌលគិរីកន្លងមកនេះ។

ក្រោមការជួយរបស់ភាគីថៃ បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ នៅកម្ពុជា ដែលយើងនឹងអាចឈានទៅសម្រេចឱ្យបាន នូវការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ២០២៥។

ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសអនុញ្ញាត ឱ្យលោក Vichit Yathip ប្រធានគម្រោងព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រីថៃ សិរិនថន ចូលជួយសម្ដែងការគួរសម និងពិភាក្សាការងារទ្វេរភាគី នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្ដីការក្រសួង។

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានស្នើឱ្យភាគីថៃ បន្ដបង្កើនភាពសុខុដុមនីយកម្មរវាងប្រជាជនទាំងពីរ ឱ្យមានការរីកចម្រើនបន្ថែមទៀត ក្នុងនាមជាប្រទេសជិតខាងនឹងគ្នា។

ជាការឆ្លើយតប លោក Vichit Yathip បានថ្លែងថា លោក នឹងបន្ដជំរុញកិច្ចការងារដែលធ្លាប់ធ្វើជាមួយគ្នាកន្លងមក និងពង្រឹង-ពង្រីកកិច្ចសហប្រតិបត្ដិការបន្ថែមទៀត ក្នុងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ។លើសពីនោះ នឹងមានការចុះអនុស្សរណៈយោគយល់គ្នាបន្ថែមទៀតនៅថ្ងៃខាងមុខផងដែរ។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរព្រះគុណដល់ព្រះអង្គម្ចាស់ក្សត្រី ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការនេះ ហើយរីករាយស្វាគមន៍ជានិច្ចចំពោះវត្ដមានរបស់ព្រះអង្គម្ចាស់ក្សត្រី ក៏ដូចជាគណៈប្រតិភូផងដែរ ចំពោះការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់សុខុមាលភាពរបស់មាតា កុមារ និងទារក ដែលឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានបញ្ជាក់ថា កន្លងមកនេះក្រោមគម្រោងព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រីថៃ សិរិនថន បានជួយក្នុងការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ នៅខេត្តភាគឦសាននៃប្រទេសកម្ពុជា រួមមាន ខេត្តរតនគិរី មណ្ឌលគិរី និងខេត្ដមួយចំនួនទៀតនៅតាមទល់ដែនរវាងប្រទេសទាំងពីរ ក្នុងនោះក៏បានជួយសាងសង់មណ្ឌលសុខភាព និងប្រព័ន្ធសង្គ្រោះបន្ទាន់ផងដែរ៕