(កំពង់ធំ)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកស្រី ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូន ប្រជាពលរដ្ឋ ៥១៨គ្រួសារ ជាជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកុព្រា និងជនងាយរងគ្រោះមានជីវភាពខ្វះខាត នៅវត្តប្រាសាទស្វាយព្រៃ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។

លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានរាយការណ៍ថា ប្រជាពលរដ្ឋចំនួន ៥១៨គ្រួសារ មកពី ៩ឃុំ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រជាពលរដ្ឋមួយចំនួនទទួលរងគ្រោះធម្មជាតិ គ្រោះខ្យល់ព្យុះ រន្ទះបាញ់ នៅតាមបណ្តាឃុំនីមួយៗ និងគ្រោះទឹកជំនន់។

លោក សុខ លូ បានយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែនឹករលឹក និងសួរសុខទុក្ខពុកម៉ែបងប្អូន តាមរយៈប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានី-ខេត្ត ទាំងអស់ថា «ចង់ជួបពុកម៉ែបងប្អូនណាស់ តែដោយសារការងារមមាញឹកណាស់ ទើបមិនបានមកជួបផ្ទាល់ និងបានផ្តាំផ្ញើឲ្យអាជ្ញាធរមើលថែសុខទុក្ខប្រជាពលរដ្ឋ ជាធម្មតាក្នុងបរិមាណ ១០គ្រួសារ ដែលខ្វះខាតគឺសាខាស្រុកជាអ្នកជួយ តែបើមានចំនួនក្រោម ២០០គ្រួសារ គឺថ្នាក់ខេត្តនឹងជួយដល់ពលរដ្ឋខ្វះខាត»

លោកបានបញ្ជាក់ថា «ប្រទេសយើងទើបរំដោះនៅឆ្នាំ១៩៧៩ មកដល់ពេលនេះ ត្រឹមតែ ៤១ឆ្នាំ ហើយមានសន្តិភាពពេញលេញទើបតែ២១ឆ្នាំទេ ដោយក្រោមការដឹកនាំនយោបាយឈ្នះឈ្នះ បង្រួបបង្រួមជាតិខ្មែរតែមួយ ឈ្មះទាំងអស់គ្នា គ្មានអ្នកចាញ់ គ្រប់ភាគគីខ្មែរចូលមករួមរស់ជាមួយរដ្ឋាភិបាល ដោយមិនមានការចាប់សម្លាប់ និងរក្សាតំណែង ឋានៈឲ្យនៅដដែល បានធ្វើឲ្យប្រទេសយើងមានសុខសន្តិភាព ១០០ភាគរយ»

លោកបានបន្តថា ជាក់ស្តែងថ្ងៃនេះប្រជាពលរដ្ឋមានជីវភាពខ្វះ ៥១៨គ្រួសារនៅតែមានលទ្ធភាពជួយ ដើម្បីដោះបន្ទុកថ្នាក់កណ្តាលអំណោយទាំងនេះ គឺបានមកពីសម្បុរសជនជួយ មកកាកបាទក្រហម និងសូមជំម្រាបថា កាកបាទក្រហម មិនមែនជារដ្ឋាភិបាលទេ កាកបាទក្រហមគឺជាអង្គការ ដោយឡែកពីរដ្ឋាភិបាល និងជាដៃគូររដ្ឋាភិបាលដល់ប្រជាពលរដ្ឋតាម ឃុំ-សង្កាត់ រាជធានីខេត្ត និងមិនប្រកាន់នាន្និការនយោបាយគណបក្សនោះទេ។ អំណោយទាំងអស់សម្រាប់ចែកជូនបងប្អូនដែលខ្វះខាត មិនគិតពីពណ៌សម្បុល ខ្មៅ ស មិនគិតពីសាសនាឲ្យតែខ្វះខាត គឺត្រូវបានចែកជូនផងដែរ។

ពិធីចែកអំណោយនេះ ប្រជាពលរដ្ឋទាំង ៥១៨គ្រួសារ ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគមានអង្ករ២៥ គ.ក, ម៉ី ១កេស, ត្រីខ១០កំប៉ុង, អាវយឺត២ផងដែរ៕