(ព្រះសីហនុ)៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តធុនធំមួយគ្រឿង ប៉ះជាមួយម៉ូតូបណ្តាលឲ្យរថយន្តក្រឡាប់ ហើយបណ្តាលឲ្យមនុស្សម្នាក់របួសនៅចន្លោះគីឡូម៉ែត្រ ១៣០-១៣១ ក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជិត ៥ភ្លឺឈានចូល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

មន្ត្រីចរាចរណ៍មូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើងរវាងរថយន្តបែនម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-6677 និងម៉ូតូដែលមានទិសដៅស្របគ្នា (ភ្នំពេញ-ខេត្តព្រះសីហនុ) លុះដល់ចំណុចកើតហេតុ រថយន្តបានឡើងវ៉ាជែងដោយមានឧបសគ្គនៅខាងមុខ ពេលនោះរថយន្តនោះក៏អែបមកវិញបណ្តាលឲ្យ ប៉ះម៉ូតូបណ្តាលឲ្យរថយន្ដ និងម៉ូតធ្លាក់ពីចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើងតែម្តង។ ចំណែកអ្នកបើកបររថយន្តបានគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។

អ្នកបើកម៉ូតូជាជនរងគ្រោះមានឈ្មោះ រ៉ា សាវុន អាយុ២១ឆ្នាំ រងរបួសស្រាលមានទីលំនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ បច្ចុប្បន្ននេះកម្លាំងនគរបាលចរាចរ ស្រុកកំពង់សិលា ជួយបញ្ជ្រៀសចរាចរណ៍មិនឲ្យកកស្ទះ និងយករថយន្តបង្កហេតុ និងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ចរាចរណ៍៕