(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន បានសំណូមពរឲ្យប្រជាពលរដ្ឋថែរក្សាបរិស្ថាន និងអនាម័យ ក្នុងសហគមន៍ ជាពិសេសបញ្ហាសំរាម និងការទុកដាក់កាកសំណល់ផ្សេងៗ ដើម្បីសុខភាពបងប្អូន ក៏ដូចជាកូនចៅផងដែរ។

អភិបាលខណ្ឌចំការមនលោក ថេង សុថុល បានថ្លែងបែបនេះ ខណៈនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌចំការមន ចែកជូនប្រជាពលរដ្ឋសហគមន៍រុងរឿង ចំនួន ៩៩គ្រួសារព្រឹកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២០នេះ។

លោក ថេង សុថុល បានថ្លែងប្រាប់ប្រជាពលរដ្ឋសហគមន៍រុងរឿងថា បងប្អូនសហគមន៍មិននៅឯកោទេ សូមបងប្អូនមានភាពកក់ក្តៅ ក្នុងនាមអាជ្ញាធរនឹងនៅរួមសុខរួមទុក្ខជាមួយ ប្រជាពលរដ្ឋ បើទោះបីមានការលំបាកសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅរកជួបមន្ត្រីនៅតាមស្នាក់ការភូមិ ឬទៅជួបផ្ទាល់ជាមួយចៅសង្កាត់ ឬទៅរកស្នាក់ការគណបក្សប្រជាជន ដែលមន្ត្រី គឺនៅជួបជួយដោះស្រាយបញ្ហាជូនទាន់ពេលវេលា។

គួរបញ្ជាក់ថា អំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដែលចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតមានទីលំនៅក្នុងសហគមន៍សាមគ្គីរុងរឿងចំនួន ៩៩គ្រួសារ ស្ថិតនៅក្នុងផ្លូវលេខ៩៧ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញដោយក្នុង ១គ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ០១យួរ មី ១កេស ត្រីខ ៤កំប៉ុង និងថវិកាមួយចំនួនផងដែរ៕