(ភ្នំពេញ)៖ លោក ពុយ គា ត្រូវបានស្គាល់ថាជាអ្នកកាសែតជើងចាស់ និងជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យទីភ្នាក់ងារព័ត៌មាន Kyodo របស់ជប៉ុន តែងតែសរសេរអត្តបទរឿងរ៉ាវប្លែកៗពីកិច្ចប្រជុំអាស៊ាន តែនៅពេលនេះលោកបានសរសេររៀបរាប់រឿងរ៉ាវប្លែកនៅទីក្រុងឌូបៃ និងអាប៊ូដាប៊ី នៃប្រទេសអារ៉ាប់រួម បន្ទាប់ពីលោកបានទៅបំពេញបេសកកម្មរយៈពេល៣ថ្ងៃនៅទីនោះ ដែលទើបនឹងត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ។ ចង់ដឹងថាតើលោករៀបរាប់រឿងប្លែកៗអ្វីខ្លះសូមអានខ្លឹមសារ៖

កាហ្វេមួយកែវតម្លៃ ៧០ដុល្លារ !!! ដើម្បីពិសារកាហ្វេមួយកែវដែលរោយពីលើដោយកំទេចមាស២៤ការ៉ាត់ ត្រូវចំណាយ៧០ដុល្លារ ស្មើនឹងខ្ញុំលក់សៀវភៅ១៤ក្បាល ឬលក់អង្ក២បាវ។ កាហ្វេរោយមាសឬកាហ្វេស្រោបមាស ជាសេវាកម្មលំដាប់ផ្កាយប្រាំមួយបែបកំពុងពេញនិយម នៅទីក្រុងឌូបៃនិងអាប៊ូដាប៊ីនាពេលបច្ចុប្បន្ន។

ហ៊ុព័ទ្ធដោយវាលខ្សាច់និងសមុទ្រ ទីក្រុងស្ថាបត្យកម្មបែបទំនើបទាំងពីនេះអាចទាញភ្ញៀវទេសចរមកកំសាន្តរហូតដល់១៦លាននាក់កាលពីឆ្នាំ២០១៩កន្លងទៅនេះ។

រហូតមកទល់ពេលនេះ ទីក្រុងឌូបៃ និងអាប៊ូដាប៊ី នៃប្រទេសអារ៉ាប់រួម ត្រូវបានគេសន្និដ្ឋានស្ទើរគ្រប់គ្នាថា អាចធ្វើមានធ្វើបានដោយសារធនធានប្រេង តែជាក់ស្តែងចំណូលបានពីប្រេងមានត្រឹមតែ១០ភាគរយប៉ុណ្ណោះ ខណៈវិស័យទេសចរអាចរកចំណូលរហូតដល់៣៦ភាគរយឯណោះ។ អគាររចនាបទប្លែកៗនិងទំនើបៗនិងអគារ Burj Khalifa (ជិត១គីឡូម៉ែត្រ) ខ្ពស់ជាងគេនៅលើពិភពលោក ដំណើរកំសាន្តដោយជិះឡានឆ្លងកាត់សមុទ្រខ្សាច់ ជិះសត្វអូដ្ឋនៅលើវាលខ្សាច់ មើលនារីរាំបញ្ចេញក្បាលពោះ ក្រេបរសជាតិកាហ្វេស្រោបមាស និងសួនផ្ការនៃក្តីស្រមៃរបស់នារីៗសុទ្ទតែជាការកែឆ្នៃរបស់រដ្ឋាភិបាលនិងពលរដ្ឋរបស់ប្រទេសមួយនេះ រហូតធ្វើឱ្យគេអាចប្រែក្លាយពីប្រទេសក្រទៅជាប្រទេសអ្នកមាន។

នៅអារ៉ាប់រួម មានរឿងប្លែកៗច្រើនដែលខ្ញុំមិនអាចរៀបរាប់អស់នៅលើបណ្តាញសង្គមហ្វេសប៊ុក តែសូមរំលេចខ្លះៗដូចជា ជនបរទេសរហូតដល់៨០ភាគរយឯណោះចូលមកធ្វើការនៅក្នុងប្រទេសនេះ តែពលរដ្ឋដើមដែលមានតែ២០ភាគរយនៃប្រជាពលរដ្ឋសរុបជិត១០លាននាក់នៅតែជា "ថៅកែ" មានន័យថា វិនិយោគបរទេសមានសិទ្ធិកាន់កាប់ភាគហ៊ុនតែ៤៩ភាគរយ ក្រៅពីនោះគឺពលរដ្ឋអារ៉ាប់រួមជាអ្នកឈរឈ្មោះឲ្យក្រុមហ៊ុនទាំងអស់ ហើយអាចឈរតំណាងឲ្យក្រុមហ៊ុនច្រើនក៏បាន និយាយមួយបែបថា "អង្គុយចាំយកលុយពីភាគហ៊ុន"

បុរសៗមានសំណាងអាចយកប្រពន្ធដល់ទៅបួន តែត្រូវមានលុយ មានពេលវេលា និងមានកំលាំងគ្រប់គ្រាន់ដើម្បីចែករំលែកឲ្យស្មើៗគ្នា (មានន័យថា ឲ្យមួយៗស្មើគ្នា ឬពីរៗស្មើគ្នា)។ បុរសៗនៅឌូបៃបាននិយាយថាអ្នកដែលអាចមានប្រពន្ធ៤ ទាល់តែអ្នកមាន អ្នកក្រមិនអាចធ្វើបានឡើយ។ ចំណែកឯនារីវិញ ពុំមានសិទ្ធិយកប្តីលើសពីមួយទេ តែមានសំណាងត្រង់បុរសជាប្តីជាអ្នករកស៊ីចិញ្ចឹម ហេតុដូច្នេះហើយបានជានៅតាមទីផ្សារលក់ដូរ នៅតាមដងផ្លូវ នារីបាត់អស់ ឃើញតែបុរសជាអ្នកលក់ដូរទៅវិញ។

ក្នុងបេសកម្មបីថ្ងៃនៅទីនេះ ខ្ញុំសង្កេតឃើញពលរដ្ឋអាស៊ីយើងច្រើនណាស់មកបម្រើការនៅទីក្រុងឌូបៃនិងអាប៊ូដាប៊ី ភាគច្រើនជាជនជាតិហ្វីលីពីន និងវៀតណាម ។

ដោយឡែកសម្រាប់ពលរដ្ឋខ្មែរដែលមកប្រទេសនេះ គួរកុំរំពឹងទិញសម្លៀកបំពាក់ឬរបស់ប្រើប្រាស់អី ព្រោះតម្លៃលក់និងការចាយវាយទូទៅភាគច្រើនសម្រាប់អ្នកមាន លើកលែងតែមកក្នងក្របខ័ណ្ឌបេសកម្ម ឬត្រូវបានគេប៉ាវ (ចេញលុយឲ្យ)។ ដូចនេះមិត្តភ័ក្រ្តទាំងឡាយដែលរង់ចាំកាដូ សូមកុំអាក់អន់ស្រពន់ចិត្តអី៕

ដកស្រង់ពី Facebook លោក ពុយ គា អ្នករាយការណ៍ព័ត៌មាន Kyodo របស់ជប៉ុន