(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា បានបញ្ជាក់ថា សុខសន្តិភាព សុខសប្បាយ និងលទ្ធភាពដែលធ្វើឲ្យជីវភាពរស់នៅល្អប្រសើរ កំពុងផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋនៅតាមគ្រួសារនីមួយៗ នៅទូទាំងប្រទេស បានជួបជុំកំសាន្តសប្បាយរីករាយ និងចែករំលែកការសប្បាយ ក្នុងឱកាសបុណ្យទានតូចធំផ្សេងៗ ដូចក្នុងថ្ងៃនេះផ្ទាល់ ដែលយើងទាំងអស់គ្នាកំពុងជួបជុំគ្នានៅទីនេះ រួមចិត្តរួមគ្នាធ្វើ ដើម្បីចែករំលែកស្នាមញញឹម និងសេចក្តីស្រឡាញ់ ដែលមានសមានចិត្តដោយបាននាំយកអំណោយមួយចំនួន មកជូនដល់បងប្អូនកូនក្មួយដែលទើបនឹងសម្រាលកូនរួច ដើម្បីជួយសម្រាលបន្ទុកការលំបាករបស់ក្មួយៗមួយចំនួន។

ជាមួយគ្នានោះ លោកបានផ្តាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះថែទាំសុខភាពឱបានល្អ និងជម្រាបជូនអំពីសភាពការណ៍ បច្ចុប្បន្នរបស់ប្រទេសជាតិ និងស្នើឲ្យប្រជាពលរដ្ឋ កុំជឿលើការឃោសនា របស់គណបក្សនយោបាយ និងព័ត៌មានមិនពិត ដែលបង្កឲ្យមានអស្ថិរភាព នៅក្នុងសេដ្ឋកិច្ច សង្គមជាតិ។

លោកបន្តថា សូមបងប្អូនប្រជាពលរដ្ឋ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលតែងតែគិតគូរពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែលលោកជួបសំណេះសំណាល សួសុខទុក្ខ និងចែកអំណោយ ជូនស្រ្តីទើបសម្រាលកូនចំនួន៣៥គ្រួសារ នៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ម៉ម ប៊ុននាង បានសង្គត់ធ្ងន់ថា ការខិតខំរបស់សម្តេច គឺដើម្បីឱ្យស័ក្តិសមនឹងទំនុកចិត្ត របស់ប្រជាពលរដ្ឋចំពោះសម្តេច។ តទៅមុខទៀត គោលដៅ, ភារកិច្ច, និងគោលបំណងបន្តបន្ទាប់របស់សម្តេច គឺការបន្តថែរក្សានិរន្តភាពនៃសុខសន្តិភាព ធ្វើជីវភាពប្រជាជនកាន់តែសម្បូរសប្បាយ ជាពិសេសការខិតខំបើកឱកាស ដើម្បីឱ្យប្រជាពលរដ្ឋមានងាយស្រួល ក្នុងការស្វែងរកការងារធ្វើ ប្រកបអាជីវកម្ម បានបន្ថែមទៀត ដែលធ្វើឱ្យកូនចៅជំនាន់ក្រោយៗកាន់តែរុងសម្បូរឿង។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ម៉ម ប៊ុននាង បាននាំយកអំណោយ មកចែកជូនដល់ស្រ្តី ដែលទើបសម្រាលកូន ចំនួន៣៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ត្រីខ០១ឡូ ទឹកស៊ីអ៊ីវ ០១យួរ ទឹកត្រី០១យួរ ប៊ីចេងកន្លះគីឡូក្រាម អំបិល០១គីឡូក្រាម មី០១កេស សារុង០១ ថវិកាចំនួន១០ម៉ឺនរៀល ដែលចំណាយថវិកាសរុបចំនយន ៨,២០០,០០០ រៀល។

ក្រោយពីជួបសំណេះសំណាល សួរសុខទុក្ខស្រ្តីទើបសម្រាលកូនរួចមក ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងចុះពិនិត្យទីតាំងធ្វើរបងសាលារៀន ការរៀបចំការ៉ូឡាមុខរបងទីធ្លាសាលារៀន ការចាក់ដីបំពេញក្នុងទីធ្លាសាលារៀន និងឧបត្ថម្ភថ្មចំនួន០៥ ឡានបន្ថែមទៀត ដើម្បីឱ្យសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូមានភាពងាយស្រួល ក្នុងការធ្វើដំណើរ នៅសាលាអនុវិទ្យាល័យត្រពាំងវែង ព្រមទាំងបន្តចុះពិនិត្យការចាក់ដីចំនួន ៣០ឡាន នៅសាលាបឋមសិក្សាពោធិ៍សាត់ និងការចាក់ដីទីធ្លាមុខសាលាឃុំត្រពាំងវែង ចំនួន៤៥ឡាន ស្ថិតក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្កាស ដែលចំណាយថវិកាសរុប ១៤,០០០,០០០ រៀល៕