(ព្រៃវែង)៖ នៅព្រឹកថ្ងៃសៅទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពាំរាំង បានដំណើរការសន្និបាតត្រួតពិនិត្យវាយតម្លៃការងារបក្ស និង បូកសរុបលទ្ធផលការរៀបចំប្រព័ន្ធគ្រប់គ្រងកម្លាំងនយោបាយទូទាំងស្រុកពារាំង ក្រោមអធិបតីភាព លោក វង្ស ពិសេន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ។

នៅក្នុងឱកាសនោះ បន្ទាប់ពីសេចក្ដីរាយការណ៍នៃការដឹកនាំរបស់គណៈកម្មាធិការបក្សស្រុករួចមក លោក វង្ស ពិសេន បានថ្លែងការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំបក្សគ្រប់ថ្នាក់ ហើយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ លោកបញ្ជាក់ថា សមិទ្ធផលទាំងឡាយដែលទទួលបានមកនេះ កើតចេញដោយសារគោលនយោបាយ និង ការដឹកនាំដ៍ឈ្លាសវៃ ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។

តាមរយៈសេចក្តីរាយការណ៍របស់គណបក្សស្រុក និងការចូលរួមមតិរបស់អង្គសន្និបាត លោក វង្ស ពិសេន បានធ្វើការកត់សម្គាល់នូវបញ្ហាមួយចំនួនដែលត្រូវកែលម្អ ក្នុងនោះមានការពង្រឹងការ ដឹកនាំបក្ស និងការពង្រឹងបន្ថែមទៀតពីដំណើរការរៀបចំប្រព័ន្ធស្ថិតិគ្រប់គ្រងកម្លាំង ដើម្បីធានាប្រៀបឈ្នះនៅរាល់ការបោះឆ្នោត ទាំងថ្នាក់ឃុំសង្កាត់ និងថ្នាក់ជាតិ ។

ជាមួយនោះលោកប្រធានក្រុមការងារ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តកិច្ចការនាពេលខាងមុខ ក្នុងនោះរួមមាន៖
ទី១ ពង្រឹងការសាមគ្គីភាព និង ឯកភាពផ្ទៃក្នុងបក្សឲ្យបានរឹងមាំ ពោលគឺឯកភាពទាំងស្មារតី និងសកម្មភាព ដែលធ្វើឲ្យបក្សរឹងមាំ មិនមានកម្លាំងប្រតិកិរិយាណាមករំខានបានឡើយ ។
ទី២ អប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវគុណសម្បត្តិរបស់គណបក្សប្រជាជន ពិសេស សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់កម្លាំងកាយចិត្ត និងអាយុជីវិត ដើម្បីបុព្វហេតុជាតិ សន្តិភាព និងការអភិវឌ្ឍន៍សង្គមជាតិ ។
ទី៣ ខិតខំទប់ស្កាត់ជាអតិបរមានូវបាតុភាពអសកម្មនៅមូលដ្ឋាន ។
ទី៤ ត្រូវធ្វើអំពើល្អជាមួយប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន និងខិតខំជួយដោះស្រាយការលំបាករបស់ប្រជាជនតាមលទ្ធភាពជាក់ស្ដែង ៕