(បន្ទាយមានជ័យ​)៖ ព្រឹកថ្ងៃទី​៨ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រោយពីរាប់បាត្រដល់ព្រះសង្ឃ៥២០អង្គ​ នៃពិធីបុណ្យមាឃបូជា​​ រួចមក​នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ អ្នកតំណាងរាស្រ្ត​ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ និងមូលដ្ឋានបន្តចុះទស្សនាសមិទ្ធិផល ការជួសជុលអាងជើងគ្រុស និងប្រាសាទមេបុណ្យ ក្រោមគំនិតផ្តួចផ្តើមរបស់ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ និងលោកស្រី​ ម៉ៅ​ ម៉ាល័យ​ កែ​ គឹមយ៉ាន​ នៅស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​។

ក្រោយបានជួសជុលកែលម្អប្រាសាទមេបុណ្យ​ ដែលកសាង​នៅ​ចុង​សតវត្ស​ទី​១២ ដើម​សតវត្ស​ទី​១៣ សម័យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ត្រូវបាន​ភ្ញៀវ​ជាតិ​អន្តរជាតិ​មកទស្សនាកំសាន្តនិងសិក្សាស្រាវជ្រាវ​ ។ ជាមួយនេះអ្នកទេសចរ អាចធ្វើដំណើរលើស្ពានឈើដ៏វែងប្រវែងជិត០១គីឡូម៉ែត្រ​ ជា​ស្ពាន​ជាប់​និស្ស័យ​បារាយណ៍​មេបុណ្យ​។

អាងជើងគ្រុសគឺអាងមួយដ៏ធំ ស្តុកទឹកសម្រាប់បម្រើ ដល់ការស្រោចស្រពដំណាំកសិកម្ម​ និងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅតំបន់នេះទាំងមូល​ និងបម្រើដល់វិស័យទេសចរណ៍ ដោយទីនេះមានស្ពានបណ្តែតទឹកយ៉ាងស្រស់ស្អាត​ និងកន្លែងអង្គុយលំហែកាយស្រូបខ្យល់ អាកាសបរិសុទ្ធ​ ញាំអាហារដ៏មានឱជារស​ ពិសេសអាចមើលទេសភាពពេលសុរិយារៀបអស្តង្គត យ៉ាងច្បាស់ស្រស់ស្អាតផងដែរ៕